
យោធាអ៊ីស្រាអែល បានដឹងអំពីផែនការរបស់ក្រុមហាម៉ាស ដើម្បីវាយប្រហារអ៊ីស្រាអែលភាគខាងត្បូង រយៈពេលប៉ុន្មានសប្តាហ៍ មុនថ្ងៃទី៧ ខែតុលា និងចំណាប់ខ្មាំងប៉ុន្មាននាក់ដែលក្រុមសកម្មប្រយុទ្ធ គ្រោងនឹងចាប់។ នេះបើយោងតាមរបាយការណ៍ពីទូរទស្សន៍សាធារណៈ Kan របស់អ៊ីស្រាអែល។
កងពលហ្កាហ្សារបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានចែកចាយឯកសារចារកម្មផ្ទៃក្នុងមួយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយបង្ហាញពីព័ត៌មានលម្អិតនៃការវាយឆ្មក់ដែលបានគ្រោងទុករបស់ហាម៉ាស។ នេះបើយោងតាមទូរទស្សន៍សាធារណៈ Kan។
ឯកសារដែលទូរទស្សន៍ Kan បានឃើញ បានបញ្ជាក់ថា កងកម្លាំងការពារអ៊ីស្រាអែល បានសង្កេតឃើញក្រុមហាម៉ាស ធ្វើការហ្វឹកហ្វឺនជាបន្តបន្ទាប់ ដោយក្រុមយុទ្ធជនសកម្មប្រយុទ្ធ បានធ្វើការវាយប្រហារទាំងមូលដ្ឋានយោធាអ៊ីស្រាអែល និងសហគមន៍ជនស៊ីវិល។
យោងតាមឯកសារដែលបានពិនិត្យមើលដោយទូរទស្សន៍Kan កងកម្លាំងការពារអ៊ីស្រាអែល ក៏បានដឹងដែរថា ក្រុមហាម៉ាស បានបណ្តុះបណ្តាលអង្គភាពរបស់ខ្លួនអំពីរបៀបចាប់ចំណាប់ថ្នូរ និងរបៀបការពារពួកគេ នៅពេលដែលពួកគេ ត្រូវបាននាំយកត្រឡប់ទៅតំបន់ហ្កាហ្សាស្ទ្រីបវិញនោះ។