
ស្នងការសិទ្ធិមនុស្សទទួលបន្ទុកសិទ្ធិកុមារ លោកស្រី Maria Lvova-Belova បាននិយាយថា ប្រទេសរុស្ស៊ី នឹងពង្រីកបេសកកម្មមនុស្សធម៌របស់ខ្លួន នៅក្នុងប្រទេសអាហ្វ្រិកមួយចំនួន ដើម្បីជួយកុមារ ដែលរស់នៅទីនោះ។
ស្នងការសិទ្ធិមនុស្សរូបនេះ បានសរសេរនៅលើបណ្តាញ Telegram របស់ខ្លួន បន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ថា៖«យើងនឹងពង្រីកបេសកកម្មមនុស្សធម៌របស់យើងនៅក្នុងបណ្តាប្រទេសអាហ្រ្វិក។ នៅឆ្នាំនេះ យើងមានគម្រោងក្នុងប្រទេសប៊ូរុនឌី កេនយ៉ា តង់ហ្សានី អ៊ូហ្គង់ដា សាធារណរដ្ឋអាហ្វ្រិកកណ្តាល សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ រួមទាំងជម្រកសម្រាប់ក្មេងស្រី នៅលើភ្នំ Elgon គឺសាលាមត្តេយ្យ និងសាលារៀន។
លើសពីនេះទៅទៀតនោះ មន្ត្រីបានពិភាក្សាអំពីជំនួយដល់ក្រុមគ្រួសារនៅតំបន់ការ៉ាបាក់ ( Karabakh) ដែលផ្លាស់ទីលំនៅ ទៅប្រទេសអាមេនី។ អ្នកស្រី បានបន្ថែមថា៖«យើងមានគម្រោងរៀបចំមជ្ឈមមណ្ឌលកម្សាន្ត និងការស្តារនីតិសម្បទាសម្រាប់កុមារចំនួន ៩០នាក់»។
លោកស្រី Lvova-Belova បានបញ្ចប់ដោយថ្លែងថា៖«ខ្ញុំសូមអរគុណ លោក Sergey Viktorovich [Lavrov] និងក្រុមទាំងមូលរបស់ក្រសួងការបរទេសរុស្ស៊ីសម្រាប់ការយកចិត្តទុកដាក់របស់ពួកគេចំពោះបញ្ហាកុមារ និងភាពជាដៃគូនេះ»។