
នៅថ្ងៃពុធនេះ ក្រុមតំណាងរាស្រ្តសហរដ្ឋអាមេរិក ជួបមេដឹកនាំសាសនានិរទេសខ្លួនតំបន់ទីបេតិ៍ គឺសម្តេចសង្ឃ Dalai Lama នៅប្រទេសឥណ្ឌា ហើយពួកគេ និយាយថា ពួកគេនឹងមិនអនុញ្ញាតឲ្យចិនមានឥទ្ធិពលលើជម្រើសអ្នកបន្តវេនរបស់ព្រះអង្គនោះឡើយ គឺជាសេចក្តីអត្ថាធិប្បាយមួយដែលត្រូវបានគេរំពឹងថា នឹងធ្វើឲ្យទីក្រុងខឹងសម្បារខ្លាំង ខណៈចិនចាត់ទុកព្រះអង្គថាជាសង្ឃផ្តាច់ខ្លួន ។
ក្រុមតំណាងរាស្រ្តសហរដ្ឋអាមេរិក និយាយបង្ហើបឲ្យដឹងផងដែរថា ទីក្រុងវ៉ាស៊ីងតោននឹងដាក់សំពាធទីក្រុងប៉េកាំង ឲ្យចូលរួមកិច្ចប្រជុំជាមួយក្រុមមេដឹកនាំទីបេតិ៍ ដែលបានជាប់គាំងចាប់តាំងពីឆ្នាំ ២០១០រហូតមក ដើម្បីដោះស្រាយបញ្ហាទីបេតិ៍ ក្នុងនោះសេចក្តីស្នើច្បាប់ត្រូវបានគេរំពឹងថា លោកប្រធានាធិបតី Joe Biden នឹងចុះហត្ថលេខានាពេលឆាប់ៗខាងមុខនេះ ។
ក្រុមគណៈប្រតិភូទ្វេបក្សមានតំណាងរាស្រ្ត ៧រូបនេះ បានជួបសម្តេចសង្ឃ Dalai Lama ដែលជាម្ចាស់ជ័យលាភីណូបែលសន្តិភាពព្រះជន្ម ៨៨វស្សា នៅវត្តអារាមរបស់ព្រះអង្គ ក្នុងទីក្រុងភាគខាងជើង Dharamsala ពោលគឺរយៈពេល ១ថ្ងៃក្រោយពួកគេទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសិស្សសាលា ព្រះសង្ឃ និងយាយជី ។
ក្រុមគណៈប្រតិភូនេះដែរ ដឹកនាំដោយលោក Michael McCaul គឺជាតំណាងរាស្រ្តគណបក្សសាធារណរដ្ឋ មកពីរដ្ឋ Texas ដែលជាប្រធានគណៈកម្មាធិការសភាទទួលបន្ទុកកិច្ចការបរទេស ហើយនិងរួមទាំងអតីតប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ។
លោក McCaul បាននិយាយក្រោយជំនួបថា វានៅតែជាក្តីសង្ឃឹមរបស់លោកថា នៅថ្ងៃណាមួយ សម្តេចសង្ឃ Dalai Lama និងពុទ្ធបរិស័ទរបស់ព្រះអង្គ នឹងវិលត្រឡប់ទៅកាន់តំបន់ទីបេតិ៍វិញ ដោយសន្តិវិធី ។
គួររំឭកថា សម្តេចសង្ឃ Dalai Lama បានរត់យាងព្រះកាយមកកាន់ប្រទេសឥណ្ឌា ក្នុងឆ្នាំ ១៩៥៩ ក្រោយបដិវត្តន៍បរាជ័យប្រឆាំងនឹងការគ្រប់គ្រងរបស់ចិននៅតំបន់ទីបេតិ៍ ៕