
ទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ី បានរាយការណ៍នៅថ្ងៃពុធនេះថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយ ។
Interfax រាយការណ៍ថា លោក Putin និងលោក Kim បានបញ្ចប់កិច្ចប្រជុំទល់មុខគ្នាដែលបានចំណាយពេលប្រហែល ២ម៉ោង ។
គួរឲ្យដឹងថា ប្រជាពលរដ្ឋកូរ៉េខាងជើង បានប្រមូលផ្ដុំគ្នា អបអរសាទរ ការមកដល់របស់លោក Putin ហើយពិធីដ៏អធិកអធម ត្រូវប្រារព្ធឡើងដើម្បីស្វាគមន៍រូបលោកក្នុងទីក្រុងព្យុងយ៉ាង ជាទីដែលលោកបានជួបលោក Kim សម្រាប់កិច្ចប្រជុំកំពូលដ៏កម្រមួយ ក្នុងគោលបំណងបង្កើតភាពជាដៃគូ ដើម្បីទប់ទល់នឹងសម្ពាធ និងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ។
ដោយឡែក ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA បានដកស្រង់សម្តីលោក Putin ដែលបាននិយាយនៅពេលចាប់ផ្តើមកិច្ចប្រជុំជាមួយលោក Kim ថា ពួកយើងសូមកោតសរសើរយ៉ាងខ្លាំងចំពោះការគាំទ្រដ៏ជាប់លាប់ និងឥតងាករេរបស់អ្នកចំពោះគោលនយោបាយរុស្ស៊ី រួមទាំងទិសដៅនៅអ៊ុយក្រែន ។
លោក Putin បាននិយាយទៀតថា ទីក្រុងម៉ូស្គូ កំពុងប្រយុទ្ធប្រឆាំងនឹងគោលនយោបាយចក្រពត្តិនិយមអនុត្តរភាពរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ៕