
កងកម្លាំងសន្តិសុខ នៅរដ្ឋភាគឦសាន Sikkim ប្រទេសឥណ្ឌា បានជួយសង្រ្គោះភ្ញៀវទេសចររាប់សិបនាក់ និងក្រុមអ្នកស្រុក ដែលបានជាប់ខ្លួន ក្រោយភ្លៀងធ្លាក់ខ្លាំងបង្កជាបំណាក់ដីនៅតាមតំបន់ដាច់ស្រយាល ។
ភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យមានបំណាក់ដីនៅតាមទីតាំងជាច្រើនកន្លែងក្នុងស្រុក Mangan ស្ថិតនៅភាគខាងជើងរដ្ឋ Sikkim និងស្ថិតនៅចម្ងាយប្រហែល ១០០គ.មភាគខាងជើងរដ្ឋធានី Gangtok ។
ក្រុមជួយសង្រ្គោះ ត្រូវបានគេមើលឃើញជួយមនុស្សធ្វើដំណើរឆ្លងកាត់តំបន់ភ្នំដែលមានភក់ និងថ្ម ស្របពេលដែលបំណាក់ដីហូរនាំយកទៅផ្ទះសម្បែងប្រជាពលរដ្ឋ ។
រដ្ឋ Sikkim ដែលមានពលរដ្ឋរស់នៅប្រហែល ៦៥ម៉ឺននាក់ និងស្ថិតនៅអែបតំបន់ព្រំដែនប្រទេសប៊ូតង់ ចិន និងនេប៉ាល់នោះ គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ ប៉ុន្តែរដ្ឋនេះ ប្រឈមផងដែរគ្រោះមហន្តរាយធម្មជាតិ បណ្តាលមកពីអាកាសធាតុអាក្រក់នៅតំបន់ភ្នំហិម៉ាឡៃ ។
មនុស្សយ៉ាងហោច ១៧៩នាក់ បានស្លាប់ កាលពីឆ្នាំមុននៅរដ្ឋ Sikkim ពេលដែលផ្ទុះបឹងទឹកកកតំបន់ភ្នំហិម៉ាឡៃ បង្កជាទឹកជំនន់ធំ ៕