
នគរបាលក្នុងដែនដី New Caledonia (នូវ៉ែល កាលេដូនី) បានចាប់ខ្លួនមេដឹកនាំបាតុករ លោក Christian Tein នាថ្ងៃពុធ (ទី១៩ ខែមិថុនា) នេះ នៅឯទីស្នាក់ការកណ្តាលរបស់គណបក្សនយោបាយគាំទ្រឯករាជ្យដ៏ធំបំផុត គឺគណបក្ស Caledonian Union ខណៈដែលរូបលោកបានរៀបចំធ្វើសន្និសីទសារព័ត៌មាន។ នេះបើតាមការឲ្យដឹងពីគណបក្សនេះ តាមរយៈសេចក្ដីថ្លែងការណ៍។
ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ពីការចាប់ខ្លួនមនុស្ស ៨នាក់ ដែលរួមទាំងលោក Tein ផងដែរ ក្នុងប្រតិបត្តិការរបស់នគរបាល នៅព្រឹកថ្ងៃពុធនេះ ដោយហេតុការណ៍នោះបណ្តាលឲ្យអាជីវកម្ម និងហាងទំនិញនានា ព្រមទាំងសាលាក្រុង Noumea បានបិទ ដោយសារព្រួយបារម្ភពីការមានភាពចលាចលបន្ថែមទៀត។
គួរបញ្ជាក់ថា មនុស្ស ៩នាក់ បានបាត់បង់ជីវិត ក្នុងនោះរួមទាំងនគរបាល ២នាក់ផងដែរ អំឡុងពេលមានការតវ៉ាដ៏ហិង្សា ដែលបានកើតពាសពេញដែនដីនូវ៉ែល កាលេដូនី កាលពីខែមុន បន្ទាប់ពីប្រទេសបារាំងបានបោះឆ្នោតអនុម័តលើកំណែទម្រង់ ដែលអនុញ្ញាតឲ្យប្រជាជនបារាំងរាប់ពាន់នាក់បន្ថែមទៀតរស់នៅក្នុងទឹកដីប៉ាស៊ីហ្វិករបស់បារាំងមួយនេះ ក្នុងរយៈពេល ១០ឆ្នាំ អាចបោះឆ្នោតបាន។
លោក Tein ដឹកនាំសាខារបស់គណបក្ស Caledonian Union ដែលឲ្យឈ្មោះថា ក្រុមសម្របសម្រួលប្រតិបត្តិការលើទីលាន (CCAT) ដែលបានរៀបចំរបាំងតវ៉ា នៅទូទាំងរដ្ឋធានី Noumea ដោយសកម្មភាពនោះបានរំខានដល់ចរាចរណ៍ សកម្មភាពនានា និងការផ្គត់ផ្គង់អាហារ។ លោកស្ថិតក្នុងចំណោមឥស្សរជននយោបាយគាំទ្រឯករាជ្យដែលបានជួបជាមួយលោក Emmanuel Macron អំឡុងពេលប្រធានាធិបតីបារាំងរូបនេះ ថ្វើដំណើរទស្សនកិច្ចទៅកាន់ដែនដីនូវ៉ែល កាលេដូនី កាលពីខែមុន៕