
នៅថ្ងៃពុធនេះ ចិន និងម៉ាឡេស៊ី បានចុះហត្ថលេខាលើកិច្ចប្រមព្រៀងមួយចំនួន និងបន្តឡើងវិញកិច្ចព្រមព្រៀង សហប្រតិបត្តិការសេដ្ឋកិច្ចរយៈពេល ៥ឆ្នាំ និងអនុញ្ញាតឲ្យនាំចេញផ្លែទុរេន អំឡុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីចិនលោក Li Qiang ដើម្បីប្រារព្ធខួបទំនាក់ទំនងការទូតរយៈពេល ៥០ឆ្នាំ រវាងប្រទេសទាំង ២ ។
ក្រោយជំនួបបិទទ្វារនៅថ្ងៃពុធនេះ លោក Li និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Anwar Ibrahim បានធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន លើកិច្ចសហប្រតិបត្តិការចាប់ពីវិស័យសេដ្ឋកិច្ចឌីជីថល រហូតដល់ការអភិវឌ្ឍអចលនទ្រព្យ វិស័យទេសចរណ៍ និងការទំនាក់ទំនង ។
គួរឲ្យដឹងថា ចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ម៉ាឡេស៊ី ចាប់តាំងពីឆ្នាំ ២០០៩រហូតមក ហើយក្រសួងការបរទេសចិន និយាយថា ពាណិជ្ជកម្មសរុបរវាងប្រទេសទាំង ២ មានតម្លៃ ៩៨,៩ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៣ ។
គេរំពឹងផងដែរថា លោក Li នឹងចូលគាល់ព្រះមហាក្សត្រម៉ាឡេស៊ី Sultan Ibrahim និងបំពេញទស្សនកិច្ចទៅកាន់ការដ្ឋានសំណង់នៃគម្រោងផ្លូវដែក East Coast Rail Link ដែលជាផ្នែកមួយនៃបណ្តើមគំនិត ផ្លូវ ១ ខ្សែក្រវ៉ាត់ ១របស់ចិន ៕