
ប្រមុខគណបក្សស្តាំជ្រុលនិយមរបស់ប្រទេសបារាំង គឺគណបក្សរួបរួមជាតិ (RN) លោក Jordan Bardella នៅថ្ងៃពុធ (ទី១៩ ខែមិថុនា) បាននិយាយថា លោកចង់បន្តផ្តល់ការគាំទ្រដល់អ៊ុយក្រែន ប៉ុន្តែដោយគ្មានការបញ្ជូនគ្រឿងយុទ្ធោបករណ៍ដែលអាចនាំឲ្យមានការកើនឡើងនូវភាពតានតឹង នៅអឺរ៉ុបខាងកើត។
ដោយនិយាយ អំឡុងពេលអញ្ជើញទៅទស្សនាកម្មវិធីតាំងពិព័រណ៍ការពារជាតិ Eurosatory នៅក្បែរទីក្រុងប៉ារីស លោក Bardella ដែលត្រូវបានជ្រើសរើសដោយគណបក្ស RN សម្រាប់តំណែងនាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតសភា នាពេលខាងមុខ បានប្រាប់ថា អ៊ុយក្រែនត្រូវតែអាចការពារខ្លួនឯង ប្រឆាំងនឹងរុស្ស៊ី ដោយបន្ថែមថា បារាំងត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងផលិតអាវុធឡើងវិញរបស់ខ្លួន។
គួរបញ្ជាក់ថា រុស្ស៊ីបានបើកការលុកលុយអ៊ុយក្រែនពេញលេញ ក្នុងឆ្នាំ២០២២ ដោយបង្កឲ្យមានជម្លោះបង្ហូរឈាមដ៏ធំបំផុតជាលើកដំបូង នៅអឺរ៉ុប គិតចាប់តាំងពីសង្គ្រាមលោកលើកទី២។ រុស្ស៊ីបានទាមទារឲ្យអ៊ុយក្រែនព្រមបោះបង់ចោលដែនដី និងមហិច្ឆតារបស់ខ្លួន ក្នុងការចូលរួមជាមួយអង្គការណាតូ ជាថ្នូរនឹងការចរចាសន្តិភាព ជាលក្ខខណ្ឌដែលទីក្រុងគីវបដិសេធ។
នៅពេលត្រូវបានសួរអំពីការហាមឃាត់មិនឲ្យឧស្សាហកម្មអ៊ីស្រាអែលចូលរួម នៅក្នុងពិព័រណ៍ Eurosatory នេះ លោក Bardella បាននិយាយថា លោកយល់ឃើញថា ការកែប្រែនេះ គឺជារឿង «គួរឲ្យសោកស្តាយ» ហើយថា លោកស្វាគមន៍ភាពជាដៃគូជាមួយអ្នកជំនាញការពារជាតិពីអ៊ីស្រាអែល៕