
ក្រុមហ៊ុនទេសចរណ៍ដំណើរផ្សងព្រេងប៉ាគីស្ថាន និយាយកាលពីថ្ងៃអង្គារថា ប្រតិបត្តិការរុករកអ្នកឡើងភ្នំជប៉ុនបាត់ខ្លួនទី ២ ត្រូវបានប្រកាសបិទបញ្ចប់ បន្ទាប់ពីសាកសពមនុស្សម្នាក់ ត្រូវបានរកឃើញ ។
អ្នកឡើងភ្នំជប៉ុន ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួនកាលពីថ្ងៃពុធ ទី ១២ ខែមិថុនា ស្របពេលដែលពួកគេឡើងកំពូលភ្នំ Spantik ស្ថិតនៅលើរយៈកម្ពស់ ៧.០២៧ម៉ែត្រ ពីលើនីវ៉ូទឹកសមុទ្រ ។
កាលពីថ្ងៃសៅរ៍ ទី ១៥ ខែមិថុនា រដ្ឋបាលស៊ីវិលខេត្ត Gilgit Baltistan ស្ថិតនៅភាគខាងជើងប្រទេសប៉ាគីស្ថាន បញ្ជាក់ថា សាកសពមនុស្សម្នាក់ ត្រូវបានរកឃើញ ។
ប្រតិបត្តិការរុករក អ្នកឡើងភ្នំបាត់ខ្លួនទី ២ បានបន្ត ដោយមានជំនួយពីក្រុមរុករក រួមទាំងឧទ្ធម្ភាគចក្រប៉ាគីស្ថាន ២គ្រឿង អ្នកឡើងភ្នំរយៈកម្ពស់ខ្ពស់ និងក្រុមអ្នកជំនាញ ។
លោក Imtiaz Sadpara គឺជាអ្នកឡើងភ្នំក្នុងស្រុក និងជាសមាជិកក្នុងក្រុមរុករក និយាយប្រាប់សន្និសីទសារព័ត៌មាននៅការិយា័យអធិការរងស្រុក Shigar ថា ពួកយើងបានប្រឹងប្រែងអស់ពីសមត្ថភាពរបស់ពួកយើង និងបន្តរុករកសាកសពអ្នកឡើងភ្នំទី ២ ប៉ុន្តែពួកយើងពុំអាចរកឃើញនោះឡើយ ដោយសារតែមានព្រិលធ្លាក់ច្រើនពេក គ្របដណ្តប់នៅទីនោះ ហើយមាននូវក្រហែងច្រើនណាស់ ៕