ភ្នំពេញ ៖ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តផ្ដល់ថវិកាជួយគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងជំងឺប្រឆាំងជំងឺ ចំនួន៣ខែបន្តទៀត ។ប្រជាពលរដ្ឋដែលទទួលបានថវិកាជំនួយសង្គមនេះ បានសំដែងក្តីរីករាយ និងថ្លែងអំណរគុណចំពោះការគិតគូរពីជីវភាពពលរដ្ឋរងផលប៉ះពាល់ដោយសារកូវីដ១៩។
ក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តអនុវត្តការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រចំនួន ៣ខែបន្តទៀត ចាប់ពីខែតុលារហូតដល់ខែ ធ្នូ ឆ្នាំ ២០២០។ ការសម្រេចបន្តថវិកានេះ ធ្វើឱ្យគ្រួសារក្រីក្ររស់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ ដែលទទួលបានផលរយៈពេលប៉ុន្មានខែកន្លងមកនេះ មានភាពត្រេកអរជាខ្លាំង ដែលរាជរដ្ឋាភិបាលកម្ពុជា នៅតែជួយឧបត្ថម្ភថវិកាដល់ពួកគាត់។ ពួកគាត់ថា ថវិកាកន្លងមកនេះ បានជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃជាច្រើន ហើយពួកគាត់ក៏ប្ដេជ្ញាប្រឹងប្រកបរបរចិញ្ចឹមជីវិតបន្ថែមទៀត ដោយមិនពឹងផ្អែកពីការជួយរបស់រាជរដ្ឋាភិបាលទាំងស្រុងនោះទេ។
ជុំវិញការបន្តជួយពីសំណាក់រាជរដ្ឋាភិបាលនេះ លោក ឈួរ សុបញ្ញា ជាប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាអ្នកធ្វើការលើការផ្ទេរសាច់ប្រាក់ និងបើកជូនគ្រួសារក្រីក្រដោយផ្ទាល់ លើកឡើងថា ការបន្តជួយនេះគឺមានសារៈប្រយោជន៍ជាខ្លាំងសម្រាប់គ្រួសារក្រីក្រទូទាំងប្រទេស។ យ៉ាងណាម៉ិញ លោកក៏សំណូមពរឱ្យគ្រួសារក្រីក្រដែលទទួលថវិកាទាំងអស់ ត្រូវប្រើប្រាស់ថវិកាទាំងនោះក្នុងផ្លូវត្រូវ និងមិនត្រូវពឹងផ្អែកលើរដ្ឋាភិបាលទាំងស្រុងនោះទេ។
បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងអនុវត្តការឧបត្ថម្ភសាច់ប្រាក់ ក្នុងជុំទី២លើកទី ២ សម្រាប់ខែ កញ្ញា ដោយមានគ្រួសារក្រីក្រសរុបចំនួនប្រមាណ ៦៩ម៉ឺនគ្រួសារ និងគ្រោងចំណាយថវិកាសរុបប្រមាណ ៣១លានដុល្លារ សម្រាប់ការអនុវត្តជុំនេះ។ ចំណែកឯការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រតាមការស្នើសុំនៅតែបន្ត ហើយការដកប័ណ្ណក្រីក្រចេញពីគ្រួសារក្រីក្រដែលមានជីវភាពល្អប្រសើរឡើងវិញ ក៏កំពុងអនុវត្តជាបន្តបន្ទាប់ផងដែរ៕
អត្ថបទ៖ គឹមហុក



