
ប្រធានទីភ្នាក់ងារជំនួយអង្គការសហប្រជាជាតិ (UN)លោក Martin Griffiths ដែលកាលពីពេលថ្មីៗនេះ បានជំរុញឲ្យមានជំនួយមនុស្សធម៌ចូលដល់តំបន់ហ្កាហ្សាស្រ្ទីបនោះ មានគម្រោងលាលែងពីតំណែងនៅដំណាច់ខែមិថុនានេះដោយសារហេតុផលសុខភាព ។
លោក Griffiths គឺជាមន្រ្តីការទូតអង់គ្លេស ដែលបានក្លាយជាប្រធានការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌(OCHA) របស់ UN ចាប់តាំងពីឆ្នាំ ២០២១រហូតមក ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Farhan Haq គឺជាអ្នកនាំពាក្យអគ្គលេខាធិការ UN លោក Antonio Guterres ពុំបានបញ្ចេញឲ្យដឹងពីស្ថានភាពពិតប្រាកដនៃក្តីកង្វល់សុខភាពរបស់លោក Griffiths នោះឡើយ ។
លោក Haq និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Griffiths បានគាំទ្រដោយគ្មានការនឿយហត់ឲ្យជំនួយសង្រ្គោះជីវិតទៅដល់តំបន់ដែលត្រូវការខ្លាំងបំផុត ។
លោកបន្តថា ក្នុងនាមជាមន្រ្តីការទូត និងអ្នកសម្របសម្រួលដ៏ជំនាញម្នាក់ លោក Griffiths មានតួនាទីយ៉ាងសំខាន់ ក្នុងការដឹកនាំការឆ្លើយតបមនុស្សធម៌របស់ UN និងដៃគូ ហើយនិងចរចាស្វែងរកដំណោះស្រាយ សម្រាប់អ្នកដែលស្ថិតក្នុងវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរខ្លាំងបំផុត ។
កាលពីមុន លោក Griffiths ធ្លាប់បម្រើការជាប្រេសិតពិសេសរបស់ប្រមុខ UNប្រចាំនៅប្រទេសយេម៉ែន និងជាទីប្រឹក្សារបស់ប្រេសិតពិសេសទាំង ៣រូបរបស់ប្រមុខ UNប្រចាំនៅស៊ីរី ៕