ភ្នំពេញ ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់ថា ក្នុងឱកាសជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្រ្ដីសិង្ហបុរី ភាគីទាំងពីបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យ សេដ្ឋកិច្ចពាណិជ្ជកម្ម សន្ដិសុខថាមពល និងវិស័យទេសចរណ៍។
ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់បែបនេះ ក្នុងឱកាសសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅសិង្ហបុរីចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនានេះ នៅសាធារណរដ្ឋសិង្ហបុរី។
ឯកឧត្តមបានថ្លែងថា ក្នុងឱកាសជំនួបជាមួយរវាងសម្ដេចនាយករដ្ឋមន្រ្ដីកម្ពុជា និងនាយករដ្ឋមន្រ្ដីសិង្ហបុរី ភាគីទាំងពីក៏បានគូសបញ្ជាក់អំពីភាពរីកចម្រើននៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ក៏ដូចជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ហើយទស្សនកិច្ចផ្លូវការនេះនឹងកាន់តែធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ឯកឧត្តមបន្តថា តាមរយៈនួបនេះ សម្ដចធិបតី និងនាយករដ្ឋមន្ត្រីសិង្ហបុរីបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបតិ្តការចំនួន៣ គឺសេដ្ឋកិច្ចពាណិជ្ជកម្ម សន្ដិសុខថាមពល និងវិស័យទេសចរណ៍។ ខណៈក្នុងវិស័យថាមពល និងការប្រែប្រួលអាកាសធាតុ នាយករដ្ឋមន្រ្តីទាំងពីរ បានសាទរលទ្ធផលជាផ្លែផ្កានៃកិច្ចប្រជុំក្រុមការងារលើកទី១ ដែលមានរដ្ឋមន្ត្រីថាមពលនៃប្រទេសកម្ពុជា សិង្ហបុរី និងឡាវ ជាសហប្រធាន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដើម្បីសម្រួលដល់ពាណិជ្ជកម្មអគ្គិសនីឆ្លងកាត់ព្រំដែន។
សូមជម្រាបថា នៅល្ងាចថ្ងៃទី១៩ ខែមិថុនានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញ ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាត្រឡប់មកដល់កម្ពុជាប្រកបដោយសុខសុវត្ថិភាព។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ចប់ ទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០២៤ ដោយភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាដ៏មុតមាំក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើគ្រប់វិស័យ។៕
អត្ថបទ៖វ៉ន ដារ៉ា





