ភ្នំពេញ ៖ក្រោយពីអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីមកដល់កម្ពុជានៅល្ងាចថ្ងៃទី១៩មិថុនា បន្ទាប់ពីបានបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅសិង្ហបុរី ឆ្លើយទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលថាតាមរយៈទស្សនកិច្ចទៅសិង្ហបុរីដែលជាប្រទេសរីកចម្រើនខ្ពស់តើសម្តេចធិបតីចង់យកគំរូអភិវឌ្ឍតាមសិង្ហបុរីដែរឬទេ?
ឯកឧត្តម តាន់ហ្សង់ ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឆ្លើយថា កម្ពុជា គឺកម្ពុជា សិង្ហបុរីគឺសិង្ហបុរី ព្រោះប្រទេសទាំង២មិនដូចគ្នាទេ ដូច្នេះបើចង់ឱ្យកម្ពុជារីកចម្រើនដូចសិង្ហបុរី ប្រជាជនកម្ពុជាត្រូវរួមគ្នារក្សាសន្តិភាព ស្ថិរភាពនយោបាយ។
ទោះជា យ៉ាងណាក៏ដោយ ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាទៅកាន់សិង្ហបុរីរយះពេលពេល២ថ្ងៃបាននាំមកនូវលទ្ធផលជាផ្លែផ្កាយ៉ាងច្រើនទៅលើកិច្ចសហប្រតិបត្តិការខាង វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សន្តិសុខស្បៀងអាហារ សន្តិសុខថាមពល និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន រួមទាំងការទប់ស្កាត់នូវបទល្មើសឆ្លងដែននានា។
នាយករដ្ឋមន្ត្រីទាំងពីរ បានសង្កត់ធ្ងន់អំពីសារសំខាន់កាន់តែខ្លាំងឡើងនៃកិច្ចសហប្រតិបត្តិការ បច្ចេកវិទ្យាទូរគមនាគមន៍ព័ត៌មានវិទ្យា (ICT) និងបច្ចេកវិទ្យាឌីជីថល។ នាយករដ្ឋមន្ត្រីទាំងពីរ បាន រួមគ្នាធ្វើជាសាក្សី និងអបអរសាទរចំពោះការដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងច្រករបៀង តម្លាភាពហិរញ្ញវត្ថុ (FTC) រវាងធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី ក្នុងគោលបំណង បង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថលគាំទ្រ ដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងការទទួលបានហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យមនៅប្រទេសកម្ពុជា និងនៅប្រទេសសិង្ហបុរី។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីទាំងពីរ បានស្វាគមន៍ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងគមនាគមន៍ និងព័ត៌មានសិង្ហបុរី ស្តីពីកិច្ច សហប្រតិបត្តិការលើរដ្ឋាភិបាលឌីជីថល ក្នុងដំណើរទស្សនកិច្ចនេះ។
នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗដែលជា ក្តីកង្វល់រួម៕
