
អាល្លឺម៉ង់នឹងជួបប្រទះនូវចំនួនប្រជាជនក្នុងវ័យធ្វើការធ្លាក់ចុះ ២ភាគរយ នៅឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍ព្យាករ ដែលបានចេញផ្សាយ នៅថ្ងៃពុធ (ទី១៩ ខែមិថុនា) ដែលទំនងជានឹងបន្ថែមការភ័យខ្លាចពីការមានឧបសគ្គនៃកំណើន នៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុប។
ទោះបីជាចំនួនប្រជាជនសរុបរបស់ប្រទេសនេះ នឹងកើនឡើង ០,៨ភាគរយ ឬ ៨០០.០០០នាក់ ក្នុងរយៈពេលនោះ ដោយសារតែការធ្វើចំណាកស្រុកសុទ្ធក៏ដោយ ក៏ចំនួនមនុស្សដែលមានអាយុពី ២០ឆ្នា ទៅ ៦៧ឆ្នាំ ត្រូវបានកំណត់ថា នឹងធ្លាក់ចុះ ២ភាគរយ។ នេះបើយោងតាមការបង្ហាញពីសិក្សារបស់វិទ្យាស្ថានសហព័ន្ធ ដើម្បីការស្រាវជ្រាវលើការសាងសង់ កិច្ចការទីក្រុង និងការអភិវឌ្ឍលំហ (BBSR)។
ម៉្យាងវិញទៀត បើយោងតាមការព្យាករណ៍នោះ បានឲ្យដឹងថា ចំនួនមនុស្សដែលមានអាយុចាប់ពី ៦៧ឆ្នាំ ឬលើសពីនោះ និងដល់អាយុចូលនិវត្តន៍ នឹងកើនឡើង ១៣,៦ភាគរយ ឬ ២,២លាននាក់។
មន្ត្រីអាល្លឺម៉ង់បានព្រមានថា បញ្ហាប្រឈមដ៏ធំបំផុត ចំពោះសេដ្ឋកិច្ច នឹងជាឧបសគ្គដល់កំណើន ដោយសារតែកង្វះកម្លាំងពលកម្ម ដោយការងារប្រហែល ១,៥៧លាន នាពេលបច្ចុប្បន្ននេះ មិនត្រូវបានបំពេញឲ្យបានគ្រប់គ្រាន់នោះឡើយ៕