
មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និយាយនៅថ្ងៃពុធនេះថា ទំនាក់ទំនងរវាងកូរ៉េខាងជើង និងរុស្ស៊ី បានឡើងដល់កម្រិតសម្ព័ន្ធមិត្តថ្មី និងខ្ពស់ ស្របពេលដែលលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។
លោក Kim និងលោក Putinបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការយោធារបស់ពួកគេ រួមទាំងការសន្យាការពារជាតិទៅវិញទៅមក ដើម្បីជួយគ្នា បើសិនជារងការវាយប្រហារ ។
លោក Kim បានថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីជំនួបរបស់លោកជាមួយលោក Putinនៅក្នុងទីក្រុងព្យុងយ៉ាង ដោយលោកបានប្រកាសផងដែរពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងយុទ្ធសាស្រ្តទូលំទូលាយ ។
លោក Kimនិយាយថា កិច្ចព្រមព្រៀងនេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងការពារជាតិ ហើយលោកបានចាត់ទុកវាថាជាការស្រលាញ់សន្តិភាព និងការការពារជាតិយ៉ាងរឹងមាំ ។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Putinមកកាន់ទីក្រុងព្យុងយ៉ាង ត្រូវបានឃ្លាំមើលយ៉ាងដិតដល់ដោយទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីងតោន ដែលបង្ហាញក្តីកង្វល់ចំពោះទំនាក់ទំនងយោធារីកចម្រើនរបស់ពួកគេ ៕