
ភ្នំពេញ៖ ជាការបំពេញតាមតម្រូវការ របស់ប្រជាពលរដ្ឋ ក្រសួងប្រៃសណីយ៍ បានប្រកាសជាផ្លូវការ ចាប់ផ្ដើមលក់ឧបករណ៍តេស្តរហ័ស ជូនប្រជាពលរដ្ឋទូទៅក្នុងតម្លៃដើមដូចជាការលក់ជូនបណ្ដាក្រសួង ក្រុមហ៊ុន ស្ថាប័នផងដែរ។
ប្រជាពលរដ្ឋ ដែលមានតម្រូវការ អាចធ្វើការបញ្ជាទិញតាមប្រព័ន្ធអនឡាញរបស់ក្រសួង និងអាចមកទទួលយកឧបករណ៍តេស្តនៅក្រសួងដោយផ្ទាល់ ដោយពុំមានកំណត់លក្ខណ្ឌណាមួយនោះទេ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នាថ្ងៃនេះ បានប្រកាសជាផ្លូវការ ដោយធ្វើការលក់ឧបករណ៍តេស្តរហ័ស ជូនប្រជាពលរដ្ឋទូទៅទាំងអស់ ដើម្បីប្រើប្រាស់ធ្វើតេស្តសំណាកដោយខ្លួនឯង ក្នុងការតាមដានសុខភាព។
ការលក់ជូនប្រជាពលរដ្ឋទូទៅ គឺលក់ក្នុងតម្លៃដើម ដោយប្រជាពលរដ្ឋអាចធ្វើការបញ្ជាទិញតាមប្រព័ន្ធអនឡាញ។ នេះជាការសម្រួលមួយ ស្របពេលដែលប្រជាពលរដ្ឋតាមផ្ទះជាច្រើន បានស្វះស្វែងទិញឧបករណ៍តេស្តរហ័សតាមទីតាំងលក់ផ្សេងៗ ដែលមានតម្លៃថ្លៃលើសឧបករណ៍តេស្តដែលក្រសួងលក់ជូន។
ចំពោះតម្លៃឧបករណ៍តេស្តរហ័ស ដែលក្រសួងលក់ជូនទាំងបណ្ដាក្រសួងស្ថាប័ន និងប្រជាពលរដ្ឋទូទៅ គឺមានពីរតម្លៃផ្សេងគ្នាចំពោះឧបករណ៍តេស្តរហ័សទាំងពីរប្រភេទដែលក្រសួងបាននាំចូល នឹងបន្តនាំចូលនាពេលខាងមុខ។
តម្លៃដើម គឺ ៣,៧ ដុល្លារក្នុងមួយឧបករណ៍តេស្ត សម្រាប់ឧបករណ៍តេស្តដែលផលិតនៅប្រទេស កូរ៉េខាងត្បូង ដែលមាននៅក្នុងស្តុកស្រាប់ រីឯឧបករណ៍តេស្តមួយប្រភេទទៀត គឺលក់ក្នុងតម្លៃ ២ដុល្លារក្នុងមួយឧបករណ៍ សម្រាប់តេស្តរហ័សផលិតនៅប្រទេស ចិន ដែលនឹងមកដល់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗខាងមុខ។
សម្រាប់ថ្ងៃនេះ លោក ស្រិល ស៊ីលិន ក៏បានបញ្ជាទិញឧបករណ៍តេស្តរហ័សចំនួន ពីរប្រអប់ ស្មើនឹង ៥០ឧបករណ៍តេស្តសម្រាប់ការប្រើប្រាស់លក្ខណៈគ្រួសារក្នុងការតាមដានសុខភាព។ ការមកទិញនេះ ក្រោយលោកទទួលបានដំណឹងភ្លាមៗ ពីការលក់ជូនសាធារណជន។ លោកថា ការលក់ជូនដល់ពលរដ្ឋនេះជារឿងប្រសើរព្រោះមានតម្លៃសមរម្យ អាចការពារសុវត្ថិភាពគ្រួសាររបស់គាត់។
នៅថ្ងៃដដែលនេះ ក៏មានបណ្ដាក្រុមហ៊ុនស្ថាប័ន មួយចំនួនបានមកទទួលឧបករណ៍តេស្តរហ័សនៅក្រសួងផងដែរ។ កញ្ញា ងន ស្រីម៉ាច តំណាងអង្គការ មេត្រីអន្តរជាតិ ក៏បានទិញឧបករណ៍តេស្តរហ័សចំនួន ៩៥០ តេស្ត សម្រាប់ការធ្វើតេសត្តជាប្រចាំជូនបុគ្គលិកផងដែរ។ កញ្ញាថា ការទិញនេះជាលើកទី៣ ហើយបានជួយកាត់បន្ថយការចំណាយច្រើន បើធាបនឹងធ្វើការធ្វើតេស្តនៅខាងក្រៅ។ចំពោះឧបករណ៍តេស្តរហ័ស ក៏ត្រូវរក្សាទុកឱ្យបានត្រឹមត្រូវផងដែរ ដើម្បីថែរក្សាគុណភាព។ ការរក្សាទុកត្រឹមត្រូវគឺក្នុងសីតុណ្ហភាព ចន្លោះពី ២ទៅ ៣០អង្សាសេ និងមិនត្រូវដាក់ក្រោមកម្ដៅថ្ងៃ រឺកន្លែងកកនោះទេ។
តាមសារាចរណែនាំរបស់ក្រសួងសុខភិបាល កាលពីថ្ងៃទី ១០ ខែសីហាកន្លងទៅ មានចំណុចមួយបញ្ជាក់ថាក្រសួងប្រៃសណីយ៍នឹងបន្តលក់ឧបគរណ៍តេស្តរហ័សក្នុងរយៈពេល ២ ខែទៀត ដើម្បីឱ្យមានភាពសម្បូរ និងបន្សាំទៅនឹងតម្លៃទីផ្សារ។ បន្ទាប់មកក្រសួងនឹងផ្ទេរការងារនេះ ទៅអោយអង្គភាពណាមួយទទួលខុសត្រូវបន្ត រឺទុកលទ្ធភាពឱ្យក្រុមហ៊ុនធ្វើអាជីវកម្មក្នុងតម្លៃសមស្រប៕
អត្ថបទ៖គឹមហុក