
អំឡុងរដូវក្តៅនេះ ដែលជារដូវដំាដុះ កសិករ Liu វ័យ ៧០ឆ្នាំ បានដាំដើមប៉ោម ដើមប៉ែស និងម្រេចខ្មៅ នៅខេត្តភាគខាងកើត Shandong ប្រទេសចិន ប៉ុន្តែរលកកម្តៅរយៈពេលយូរ និងកើតឡើងឆាប់រហ័សខុសពីធម្មតាដែលធ្វើឲ្យប៉ះពាល់ដល់តំបន់ បានធ្វើឲ្យខូចផលដំណាំរបស់គាត់ប្រហែល ៩០ភាគរយ ។
លោកអ៊ំ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅថ្ងៃពុធនេះថា វាពិតជាអាកាសធាតុអាក្រក់ខ្លាំងណាស់ ។ តាមការចងចាំរបស់ខ្ញុំ តាំងពីតូចមកម្ល៉េះ គឺខ្ញុំមិនដែលឃើញអាកាសធាតុអាក្រក់បែបហ្នឹងនោះទេ សូម្បីតែគ្រោះរាំងស្ងួតអំឡុងទសវត្សរ៍ឆ្នាំ ១៩៦០ ក៏មិនស្ងួតហួតហែងដូចឆ្នាំនេះដែរ ។
ទូរទស្សន៍រដ្ឋចិន CCTV រាយការណ៍ថា នៅតាមតំបន់មួយចំនួនក្នុងខេត្តដំាស្រូវសាលី ដូចជាខេត្ត Hebei, Henan និងខេត្ត Shandong សីតុណ្ហភាព បានកើនឡើងដល់ ៤៤អង្សាសេ ដែលជាសីតុណ្ហភាពខ្ពស់បំផុតបំបែកកំណត់ត្រាជាប្រវត្តិសាស្រ្តសម្រាប់ខែមិថុនា ។
នៅដើមខែនេះ ទីក្រុង Jinan ស្ថិតក្នុងខេត្ត Shandong បានចេញសេចក្តីប្រកាសអាសន្នកម្រិតខ្ពស់បំផុត ដោយបានព្រមានដល់អ្នកស្រុកថា សីតុណ្ហភាពនៅតាមតំបន់មួយចំនួន អាចនឹងកើនឡើងដល់ ៤២អង្សាសេ ។
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រសួងកសិកម្ម និងកិច្ចការជនបទរបស់ចិន បានចេញការឆ្លើយតបគ្រាអាសន្នកម្រិតទី ៣ ចំពោះគ្រោះរាំងស្ងួតនៅខេត្ត Hebei, Shanxi, Shandong និងខេត្ត Henan ៕