
រដ្ឋាភិបាលវៀតណាម នៅថ្ងៃពុធ (ទី១៩ ខែមិថុនា) នេះ បាននិយាយថា ប្រមុខគណបក្សនៃរដ្ឋធានីហាណូយ គឺលោក Dinh Tien Dung បានលាលែងពីតំណែងហើយ ដោយនេះគឺជាការចាកចេញរបស់មន្ត្រីជាន់ខ្ពស់ចុងក្រោយបង្អស់ ខណៈដែលបក្សកុម្មុយនីស្តកំពុងកាន់អំណាច អនុវត្តនូវវិធានការរុះរើដ៏ធំមួយ។
រដ្ឋាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Dung វ័យ ៦៣ឆ្នាំ ដែលជាអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ ត្រូវបានគណបក្សរកឃើញថា ត្រូវទទួលខុសត្រូវចំពោះការរំលោភដែលបានប្រព្រឹត្ត នៅក្រសួងហិរញ្ញវត្ថុ ក្នុងអំឡុងឆ្នាំ ២០១៦-២០២១។
លោក Dung គឺជាសមាជិកនៃការិយាល័យនយោបាយ ដែលជាស្ថាប័នធ្វើការសម្រេចដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
គេនៅមិនទាន់ច្បាស់ទេថា តើលោក Dung នឹងត្រូវដកចេញពីការិយាល័យនយោបាយដែរ ឬទេ ខណៈដែលស្ថាប័នដ៏ខាន់មួយនេះ ត្រូវបានគេមើលឃើញថា មានសមាជិកចំនួន ៦រូប ចាកចេញតាំងពីចុងឆ្នាំ២០២២ មក ចំពេលមានការបង្ក្រាបប្រឆាំងអំពើពុករលួយកាន់តែខ្លាំងឡើងៗ និងការរុះរើថ្នាក់ដឹកនាំសំខាន់ៗ៕