
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃពុធ (ទី១៩ ខែមិថុនា) នេះ បានឲ្យដឹងថា នគរបាលចិនកំពុងស៊ើបអង្កេតករណីនៃសកម្មភាពប្តូររូបិយប័ណ្ណបរទេសខុសច្បាប់ និងការសម្អាតលុយកខ្វក់ បន្ទាប់ពីទទួលបានព័ត៌មានជំនួយពីសហរដ្ឋអាមេរិក ដោយនេះគឺជាករណីដ៏កម្រមាននៃកិច្ចសហប្រតិបត្តិការលើគ្រឿងញៀន រវាងប្រទេសមហាអំណាចទាំង២។
សហរដ្ឋអាមេរិក និងចិន បានចាប់ផ្តើមកិច្ចចរចាឡើងវិញ ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងគ្រឿងញៀន និងការអនុវត្តច្បាប់ នៅដើមឆ្នាំនេះ ហើយនាយកដ្ឋានសន្តិសុខសាធារណៈរបស់ប្រទេសចិន បានសរសើរករណីនេះថា ជាគំរូជោគជ័យនៃកិច្ចសហប្រតិបត្តិការប្រឆាំងគ្រឿងញៀន រវាងចិន និងសហរដ្ឋអាមេរិក។
ព័ត៌មាននេះ ទំនងជាបញ្ជាក់បន្ថែមដល់ព័ត៌មានដែលចេញផ្សាយដោយក្រសួងយុត្តិធម៌អាមេរិក កាលពីថ្ងៃអង្គារ (ទី១៨ ខែមិដុនា) ដោយចោទប្រកាន់ថា ក្រុមឧក្រិដ្ឋជន Sinaloa Cartel របស់ប្រទេសម៉ិកស៊ិកបានឃុបឃិតជាមួយក្រុមដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា ហើយបានភ្ជាប់ទំនាក់ទំនងទៅនឹងធនាគារងងឹតរបស់ចិន ដើម្បីសម្អាតលុយកខ្វក់ ដែលបានពីការជួញដូរគ្រឿងញៀនជាង ៥០លានដុល្លារ។
ក្រសួងយុត្តិធម៌អាមេរិកបានឲ្យដឹងថា ខ្លួនបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយការអនុវត្តច្បាប់ នៅក្នុងប្រទេសម៉ិកស៊ិក និងប្រទេសចិន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានរាយការណ៍ថា បន្ទាប់ពីមានការផ្ដល់ព័ត៌មានជំនួយរបស់សហរដ្ឋអាមេរិក ការស៊ើបអង្កេតបានរកឃើញថា ចាប់តាំងពីឆ្នាំ២០១៧ បុរសម្នាក់ដែលមាននាមត្រកូល Tong បានចាប់ផ្តើមបើកកន្លែងតាំងរថយន្ត នៅសហរដ្ឋអាមេរិក ដើម្បីលក់រថយន្ត និងផ្តល់សេវាប្តូរប្រាក់យ័នរបស់ចិន និងដុល្លារអាមេរិកដល់អតិថិជន ដែលទៅទិញរថយន្ត៕