
នាយករដ្ឋមន្ត្រីនូវ៉ែលហ្សេឡង់ លោក Christopher Luxon នៅថ្ងៃពុធ (ទី១៩ ខែមិថុនា) នេះ បាននិយាយថា ការចរចាលើកិច្ចព្រមព្រៀងសន្តិសុខព័ត៌មាន ត្រូវបានបញ្ចប់ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida។
ដោយថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍រួម នាទីក្រុងតូក្យូ ប្រទេសជប៉ុន លោក Luxon បាននិយាយថា ប្រទេសទាំង២ បានព្រមព្រៀងគ្នាក្នុងការនាំយកភាពជាដៃគូឆ្ពោះទៅកាន់លើវិស័យមួយចំនួន ដូចជាសន្តិសុខដែនសមុទ្រ និងការអនុវត្តទណ្ឌកម្មជាដើម។
ជាមួយគ្នានេះ លោក Luxon បានបន្ថែមថា មេដឹកនាំទាំង២ បានពិភាក្សាអំពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទៅកាន់ទីក្រុងព្យុងយ៉ាង និងសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសជប៉ុន និងនូវ៉ែលហ្សេឡង់ ដើម្បីទប់ស្កាត់ការគំរាមកំហែងមីស៊ីលរបស់កូរ៉េខាងជើង ចំពោះសន្តិសុខក្នុងតំបន់។
គួរបញ្ជាក់ថា អំឡុងទស្សនកិច្ចរយៈពេល ៤ថ្ងៃនៅប្រទេសជប៉ុននេះ លោក Luxon បាននិយាយថា លោកក៏កំពុងស្វែងរកឱកាស ដើម្បីឲ្យមានកិច្ចសហប្រតិបត្តិការ រវាងប្រទេសនូវ៉ែលហ្សេឡង់ និងជប៉ុន ក្នុងវិស័យមួយចំនួន ដូចជាសេដ្ឋកិច្ច ថាមពលកកើតឡើងវិញ និងវិទ្យាសាស្ត្រអវកាសជាដើម៕