ប្រធានអង្គការណាតូ (NATO) បាននិយាយកាលពីថ្ងៃពុធ (១៩ មិថុនា) ថា កិច្ចព្រមព្រៀងការពារថ្មីរបស់រុស្ស៊ី ជាមួយកូរ៉េខាងជើង បង្ហាញពីការបង្កើនភាពស្របគ្នាក្នុងចំណោមមហាអំណាចផ្តាច់ការ និងគូសបញ្ជាក់ពីសារៈសំខាន់នៃលទ្ធិប្រជាធិបតេយ្យដែលបង្ហាញពីរណសិរ្សរួបរួម។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយលោក គីម ជុងអ៊ុន (Kim Jong Un) របស់កូរ៉េខាងជើង ដែលរួមបញ្ចូលការសន្យាការពារគ្នាទៅវិញទៅមក ដោយជាវិធានការដែលផ្លាស់ប្តូរគោលនយោបាយរបស់ទីក្រុងមូស្គូ ចំពោះទីក្រុងព្យុងយ៉ាង។
អគ្គលេខាធិការអង្គការណាតូ លោក ជេនស៍ ស្តុលថិនប៊ឺក (Jens Stoltenberg) បាននិយាយក្នុងកិច្ចពិភាក្សាអំឡុងពេលដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ទីក្រុងអូតាវ៉ា ថា កូរ៉េខាងជើង បានផ្តល់ «គ្រាប់រំសេវដ៏ច្រើនសម្បើម» ដល់រុស្ស៊ី ខណៈដែលទាំងចិន និងអ៊ីរ៉ង់ កំពុងគាំទ្រទីក្រុងមូស្គូ ក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន។ យើងត្រូវតែដឹងថាអំណាចផ្តាច់ការកំពុងត្រូវរ៉ូវគ្នាកាន់តែខ្លាំងឡើង ហើយពួកគេកំពុងគាំទ្រគ្នាទៅវិញទៅមកតាមរបៀបដែលយើងមិនធ្លាប់ឃើញពីមុនមក។

លោកបន្តថា ភាពស្និទ្ធស្នាលកាន់តែខ្លាំងឡើងរវាងរុស្ស៊ី និងប្រជាជាតិអាស៊ីផ្សេងទៀត មានន័យថា ពេលនេះមានសារៈសំខាន់ខ្លាំងណាស់ដែលណាតូ ធ្វើការជាមួយសម្ព័ន្ធមិត្តនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយបន្ថែមថា នេះជាមូលហេតុដែលមេដឹកនាំមកពីប្រទេសអូស្ត្រាលី ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូល ណាតូ នៅទីក្រុងវ៉ាស៊ីនតោន ក្នុងខែក្រោយនេះ៕
