បាល់ទាត់៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបើកភ្លើងខៀវ និងគាំទ្រគម្រោងដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួតកីឡាបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២០ (AFF Suzuki Cup 2020) របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ដែលបានស្នើសុំយកពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីត្រៀមរៀបចំការប្រកួត។

ការបើកភ្លើងខៀវនេះបន្ទាប់ពីឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហើបពីបំណងចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះពានរង្វាន់ AFF Suzuki Cup 2020 ក្នុងសន្និបាតបូកសរុបការងារឆមាសទី១ និងលើកទិសដៅបន្ដការងារឆមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិ CAMSOC កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា ការបង្ហើប ក៏ដូចជាការស្នើចង់បានពហុកីឡដ្ឋានជាតិមរតកតេជោធ្វើម្ចាស់ផ្ទះនេះ ត្រូវទទួលការគាំទ្រពីសម្ដេចពិជ័យសេនា ទៀ បាញ់ និងអង្គសន្និបាតទាំងមូល ហើយសម្ដេចជំរុញឲ្យធ្វើការរួមគ្នាក្នុងការរៀបចំការប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងត្រៀមស្វាគមន៍ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នេះទៀតផង។
តាមការបញ្ជាក់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា គោលបំណងនៃការចង់ចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះពានរង្វាន់ AFF Suzuki Cup 2020 ដោយស្នើរៀបចំការប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោនេះគឺដើម្បីអបអរសាទរ និងផ្សព្វផ្សាយនូវសមិទ្ធផលដ៏អស្ចារ្យនៃសំណង់ប្រវត្តិសាស្ដ្រដ៏មហាសាលនេះ ក៏ដូចជាការសាកល្បង និងពង្រឹងសមត្ថភាពកីឡាករសម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅវៀតណាម ពិសេសស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។ ក្រឡេកទៅចាប់អារម្មណ៍ការប្រកួតពានរង្វាន់ប្រចាំតំបន់នេះវិញ មកទល់ពេលនេះនៅមិនទាន់ចាប់ឆ្នោតនោះទេ ដ្បិតកាលបរិច្ឆេទចាប់ឆ្នោតត្រូវបានពន្យារពេលម្ដងហើយម្ដងទៀត ដោយសារបញ្ហាកូវីដ-១៩ បន្ទាប់ពីការប្រកួតនេះត្រូវបានពន្យារពេល ១ឆ្នាំមកហើយ។ យ៉ាងណាតាមគម្រោងការប្រកួតនឹងត្រូវឡើងចុងឆ្នាំនេះពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២៕
អត្ថបទ៖ លី ឈុនឡា