ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានសរសើរវៀតណាមចំពោះគោលជំហរ «មានតុល្យភាព» របស់ខ្លួនលើសង្រ្គាមអ៊ុយក្រែន ហើយបានរាយបញ្ជីវឌ្ឍនភាពលើការទូទាត់ ថាមពល និងពាណិជ្ជកម្មនៅក្នុងបទវិចារណកថាមួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ (១៩ មិថុនា) នៅក្នុងសារព័ត៌មានរបស់បក្សកុម្មុយនិស្តវៀតណាម។

នៅក្នុងបទវិចារណកថាដែលបានកំណត់ពេលទុកសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ពូទីន ទៅកាន់វៀតណាម លោកបានសាទរចំពោះប្រទេសគ្រប់គ្រងដោយកុម្មុយនិស្តអាស៊ីអាគ្នេយ៍មួយនេះ ដែលបានគាំទ្រ «វិធីជាក់ស្តែងមួយដើម្បីដោះស្រាយវិបត្តិ» នៅអ៊ុយក្រែន នៅក្នុងសេចក្ដីអត្ថាធិប្បាយដែលបានចេញផ្សាយនៅក្នុងសារព័ត៌មាន ញ៉ានដាន (Nhan Dan)។

វៀតណាម ដែលអនុវត្តគោលនយោបាយការបរទេសអព្យាក្រឹតជាផ្លូវការនៅក្នុងទំនាក់ទំនងជាមួយមហាអំណាចពិភពលោក បានបដិសេធមិនថ្កោលទោសការវាយប្រហាររបស់រុស្ស៊ី លើអ៊ុយក្រែន ដោយនោះជាជំហរដែលបណ្តាប្រទេសលោកខាងលិចបានចាត់ទុកថាជាភាពជិតស្និទ្ធខ្លាំងពេកជាមួយវិមានក្រឹមឡាំង។

មេដឹកនាំរុស្ស៊ី ដែលកំពុងបំពេញទស្សនកិច្ចជាលើកដំបូងនៅវៀតណាមចាប់តាំងពីឆ្នាំ២០១៧ នៅពេលដែលលោកបានចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) បាននិយាយថា រុស្ស៊ី និងវៀតណាម បានចែករំលែក «ការវាយតម្លៃស្រដៀងគ្នានៃស្ថានភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»៕