ប្រជាជនមូស្លីមជិត២លាននាក់ នឹងឈានដល់ការបញ្ចប់ការធ្វើធម្មយាត្រាក្នុងពិធីបុណ្យហាជី នៅសប្តាហ៍នេះ ប៉ុន្តែកម្តៅខ្លាំង បានបណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់ ជាអ្នកដែលបានចាប់ផ្តើមការធ្វើដំណើរធម្មយាត្រាកាលពីថ្ងៃសុក្រសប្តាហ៍មុន ទៅកាន់វិហារ Grand Mosque ក្នុងទីក្រុង Mecca ប្រទេសអារ៉ាប៊ីសាអូឌីត។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលផ្អែកលើសេចក្តីថ្លែងការណ៍ក្រសួងការបរទេស និងប្រភពព័ត៌មាន បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៥៦២នាក់ បានស្លាប់ក្នុងអំឡុងពេលបុណ្យហាជីនេះ។

ប្រភពផ្នែកវេជ្ជសាស្រ្ត និងសន្តិសុខ បានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រទេសអេហ្ស៊ីបតែមួយ បានចុះបញ្ជីអ្នកស្លាប់ចំនួន៣០៧នាក់ និង១១៨នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ខណៈសីតុណ្ហភាពបានកើនឡើងលើសពី៥១ អង្សាសេ។ សាក្សីបាននិយាយថា សាកសពជាច្រើន បានដាក់នៅលើចញ្ចើមផ្លូវជិតទីក្រុងMina ខាងក្រៅទីក្រុងធំ Mecca គ្របដណ្តប់ដោយក្រណាត់ពណ៌ស រង់ចាំរហូតដល់រថយន្តពេទ្យមកដល់។

ពេលវេលានៃពិធីបុណ្យហាជី ត្រូវបានកំណត់ដោយឆ្នាំតាមច័ន្ទគតិ ដែលឃើញមានការធ្វើធម្មយាត្រា ជារៀងរាល់ឆ្នាំ។ ការស្លាប់ទាក់ទងទៅនឹងកម្តៅក្នុងពេលពិធីបុណ្យហាជី ពុំមែនជារឿងថ្មីនោះទេ ហើយត្រូវបានកត់ត្រាថាត្រលប់ទៅរកទសវត្សរ៍ឆ្នាំ១៤០០ វិញ។
យោងតាមមន្ត្រីអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា កង្វះនៃភាពស៊ាំទៅនឹងសីតុណ្ហភាពខ្ពស់ ការធ្វើលំហាត់ប្រាណខ្លាំង នៅទីចំហ និងចំនួនប្រជាជនមានវ័យចំណាស់ ធ្វើឱ្យអ្នកធ្វើធម្មយាត្រាងាយរងគ្រោះ។
យោងតាមមន្ត្រីប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយថា កាលពីឆ្នាំមុន មនុស្សជាង២.០០០នាក់ បានទទួលរងជំងឺដោយសារកម្តៅខ្លាំង។ អ្នកវិទ្យាសាស្ត្របាននិយាយថា ស្ថានភាពនឹងកាន់តែអាក្រក់ ខណៈពិភពលោកឡើងកម្តៅ។