វិបត្តិថែទាំសុខភាពរបស់ប្រទេសកូរ៉េខាងត្បូងកាន់តែកប់ជ្រៅក្នុងសប្តាហ៍នេះ ស្របពេលវេជ្ជបណ្ឌិតជាន់ខ្ពស់ និងសាស្ត្រាចារ្យផ្នែកវេជ្ជសាស្រ្ត បានចូលរួមកូដកម្មដែលបានអូសបន្លាយ ប្រឆាំងនឹងការបង្កើនចំនួននិស្សិតចូលរៀននៅសាលាពេទ្យ។

ក្រុមអង្កេតការណ៍ បានជំរុញដល់ភាគីទាំងអស់ឲ្យចរចា ដោយនិយាយថា ការដើរចេញពីការងារនៅតែបន្តបែបនេះអាចនឹងបណ្ដាលឲ្យមានការរិះគន់ជាសាធារណៈកាន់តែធ្ងន់ធ្ងរដល់ទាំងរដ្ឋាភិបាល ទាំងក្រុមវេជ្ជបណ្ឌិ ដែលតែនៅតែបន្តកូដកម្ម ហើយថាកំណែទម្រង់វេជ្ជសាស្ត្រជារឿងចាំបាច់ និងត្រូវស្វែងរកចំណុចកណ្ដាលរួមមួយ។

ចាប់តាំងពីខែកុម្ភៈមក ក្រុមគ្រូពេទ្យវ័យក្មេង និងសិក្ខាកាមជាង ១២.០០០នាក់ បានដើរចេញពីមន្ទីរពេទ្យនានា ជុំវិញផែនការកំណែទម្រង់របស់រដ្ឋាភិបាលក្នុងគោលបំណងដោះស្រាយបញ្ហាកង្វះខាតគ្រូពេទ្យនៅក្នុងប្រទេសនេះ។
សមាគមគ្រូពេទ្យកូរ៉េ (KMA) កាលពីថ្ងៃអង្គារថ្ងៃទី១៨ មិថុនា បានដឹកនាំការតវ៉ានៅទីក្រុងសេអ៊ូល ជាមួយក្រុមវេជ្ជបណ្ឌិតរាប់ពាន់នាក់។
ការតវ៉ានេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីសាស្រ្តាចារ្យវេជ្ជសាស្រ្តជាង ៥០០នាក់ នៅមន្ទីរពេទ្យរដ្ឋសាកលវិទ្យាល័យជាតិសេអ៊ូល បានដើរចេញពីការងារ ដោយធ្វើកូដកម្មមិនកំណត់ពេល។
និស្សិតពេទ្យមួយចំនួនក៏បានពន្យារពេលចុះឈ្មោះចូលរៀន ឬធ្វើពហិការមិនចូលរៀនដែរ ដោយនិយាយថា ផែនការរបស់រដ្ឋាភិបាល នឹងប៉ះពាល់ដល់អាជីពរបស់ពួកគេជាវេជ្ជបណ្ឌិតនៅពេលពួកគេបញ្ចប់ការសិក្សា៕