សារព័ត៌មាន គ្លូបបល ថែមស៍ (Global Times) ដែលគាំទ្រដោយរដ្ឋ បាននិយាយកាលពីថ្ងៃពុធ (១៩ មិថុនា) ថា ក្រុមហ៊ុនផលិតរថយន្តរបស់ចិន បានជំរុញឱ្យទីក្រុងប៉េកាំង ដំឡើងពន្ធនាំចូលលើរថយន្តដែលដើរដោយថាមពលសាំងរបស់អឺរ៉ុប ដើម្បីជាការសងសឹកចំពោះការទប់ស្កាត់របស់ទីក្រុងព្រុចសែល លើការនាំចេញរថយន្តអគ្គិសនី (EV) ដែលផលិតនៅចិន។

យោងតាមរបាយការណ៍បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំបិទទ្វារកាលពីថ្ងៃអង្គារ ដែលក៏មានការចូលរួមផងដែរដោយក្រុមហ៊ុនរថយន្តអឺរ៉ុប ឧស្សាហកម្មរថយន្តរបស់ប្រទេសចិន «បានអំពាវនាវឱ្យរដ្ឋាភិបាលទទួលយកវិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងស្នើឱ្យមានការពិចារណាជាវិជ្ជមានចំពោះការដំឡើងពន្ធបណ្តោះអាសន្នលើរថយន្តប្រើសាំងដែលមានម៉ាស៊ីនផ្លាស់ប្តូរទំហំធំ»។

កិច្ចប្រជុំដែលរៀបចំដោយក្រសួងពាណិជ្ជកម្មរបស់ចិន ត្រូវបានធ្វើឡើងនៅទីក្រុងប៉េកាំង និងមានការចូលរួមដោយក្រុមហ៊ុន ស៊ែក (SAIC), ប៊ីវ៉ាយឌី (BYD), ប៊ីអ៊ិមដាប់ប៊ែលយូ (BMW), វ៉ូកស៍វ៉ាហ្គិន (Volkswagen) និង ផសស្ហ៍ (Porsche) នេះបើតាមប្រភពពីរដែលដឹងផ្ទាល់អំពីបញ្ហានេះ។ ប្រភពបន្ថែមថា គោលបំណងសំខាន់នៃកិច្ចប្រជុំគឺដើម្បីដាក់សម្ពាធលើអឺរ៉ុប និងការបញ្ចុះបញ្ចូលប្រឆាំងនឹងការដំឡើងពន្ធនាំចូល ៣៨,១ ភាគរយ ដែលក្រុងព្រុចសែល បានប្រកាសកាលពីសប្តាហ៍មុនដើម្បីការពារឧស្សាហកម្មរថយន្តរបស់ខ្លួនពីការប្រកួតប្រជែងរបស់ចិន។
ប្រភពខាងក្នុងឧស្សាហកម្មនិយាយថា ទាំងអឺរ៉ុប និងចិន ចង់ធ្វើកិច្ចព្រមព្រៀងមួយក្នុងប៉ុន្មានខែខាងមុខ ដើម្បីកាត់បន្ថយភាពតានតឹង និងជៀសវាងការបន្ថែមប្រាក់រាប់ពាន់លានដុល្លារក្នុងការចំណាយជាថ្មីសម្រាប់ក្រុមហ៊ុនផលិតរថយន្ត EV របស់ចិន៕
