ក្រុមយុវជនសង្គមស៊ីវិល និងប្រជាពលរដ្ឋនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្ត នៅថ្ងៃទី២០ ខែមិថុនានេះ បានចេញសារលិខិតអបអរសាទរ និងសម្ដែងការចង់ចាំចំពោះ ថ្ងៃទី២០ ខែមិថុនា គឺជាទិវាប្រវត្តិសាស្រ្តដែលជាចំណុចចាប់ផ្តើម នៃដំណើរឆ្ពោះទៅរកការសង្រ្គោះជាតិ របស់ជនកម្ពុជា។

លោក ហេង សំណាង ប្រធានសមាគមយុវជនខ្មែរមហានគរ និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថា ថ្ងៃទី២០ ខែមិថុនា គឺជាទិវាប្រវត្តិសាស្រ្តដែលជាចំណុចចាប់ផ្តើម នៃដំណើរឆ្ពោះទៅរកការសង្រ្គោះជាតិ។ ថ្ងៃនេះ កាលពី៤៧ឆ្នាំមុន នៅចំពោះមុខមហាវិនាសកម្ម នៃអំពើប្រល័យពូជសាសន៍ យុទ្ធជនដ៏អង់អាចក្លាហាន បានងើបឡើងស្វែងរកការរំដោះជាតិ ជួយសង្រ្គោះអាយុជីវិតជាបន្តបន្ទាប់។ ថ្ងៃនេះ គឺជាចំណុចនេះ ដែលបាននាំទៅដល់ការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិ និងការរំដោះជាតិចេញពីរបបខ្មែរក្រហមដោយជោគជ័យនៅថ្ងៃ ៧ មករា ១៩៧៩។
លោកបានថ្លែងថា ពិតណាស់ សម្តេចតេជោ ហ៊ុន សែន គឺជាតួអង្គពិតក្នុងបេសកកម្ម «សំណាងមួយក្នុងមួយម៉ឺនគ្រោះថ្នាក់» នេះ។ នៅម្ខាង គឺជាវាលពិឃាដនៃរបបប្រល័យពូជសាសន៍ដែលកាប់សម្លាប់មនុស្សគ្មានត្រាប្រណី។ រីឯនៅម្ខាងទៀត គឺជាព្រំដែនប្រទេសជិតខាងដែលកងទ័ពខ្មែរក្រហមធ្លាប់បើកការវាយប្រហារជារឿយៗ។ ស្ថានភាពនេះ មិនខុសពី «ចុះទឹកក្រពើឡើងលើខ្លា» នោះឡើយ។ ប៉ុន្តែដោយអំណាចនៃទឹកចិត្តស្នេហាជាតិដ៏មោះមុត កុលបុត្រខ្មែរដ៏ឆ្នើមរូបនេះ មិនញញើតឡើយក្នុងការប្រថុយជីវិតដើម្បីបុព្វហេតុរំដោះជាតិពីក្រញាំបិសាចអាវខ្មៅ។
លោកបានបន្តថា ក្នុងនាមជាកុលបុត្រ កុលធីខ្មែរ ក៏ដូចជាយុវជន និស្សិតបញ្ញវន្តខ្មែរ ដែលបានកើតទាន់សម័យបច្ចុប្បន្ននេះ ពិតណាស់ គឺបានឃើញ បានយល់អំពីពាក្យថា សន្តិភាព និងការអភិវឌ្ឍ ហើយមិនអាចកែខៃប្រវត្តិសាស្រ្តបានទេគឺគុណូបករៈមហាធំធេងរបស់សម្តេចតេជោ ហ៊ុន សែន។ ៤៧ ឆ្នាំក្រោយ ព្រះរាជាណាចក្រកម្ពុជាបានប្រែក្លាយខ្លួនពីវាលពិឃាត សោកនាដកម្ម ទៅជាទឹកដីសន្តិភាព ពោរពេញដោយការអភិវឌ្ឍ ដែលប្រជាពលរដ្ឋកំពុងរស់នៅប្រកបដោយសុខដុមរនា អាចបំពេញកិច្ចការដើម្បីឈោងចាប់ក្តីស្រមៃរបស់ខ្លួន។
លោកបញ្ជាក់ថា៖«អ្វីៗគ្រប់យ៉ាងដែលយើងបានទទួលថ្ងៃនេះ គឺបានកើតចេញពីពលិកម្មដ៏ខ្ពង់ខ្ពស់របស់យុវជនជំនាន់មុន ដែលមិនបោះបង់ចោលជាតិសាសន៍របស់ខ្លួន នៅចំពោះមុខការបំផ្លិចបំផ្លាញ និងសម្លាប់រង្គាល ហើយបានតស៊ូប្តូរផ្តាច់ រហូតទទួលបានជ័យជម្នះជូនជាតិមាតុភូមិ និងប្រជាជន»។
លោកបានប្ដេជ្ញាថា៖«យើងខ្ញុំជាយុវជនជំនាន់ក្រោយ ចងចាំមិនភ្លេចនូវមហាពលិកម្មដ៏ធំធេងនេះ ដែលជាគំរូវីរភាពដ៏អង់អាចក្លាហាន ដែលមិនអាចបំភ្លេចបានជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នោះឡើយ។ យើងខ្ញុំប្តេជ្ញាការពារសមិទ្ធផលទាំងឡាយដែលបានខិតខំពុះពារកសាងបានដោយលំបាកបំផុតនេះមិនឱ្យបាត់បង់ជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ»។
គួរបញ្ជាក់ផងដែលថា កាលពី ៤៧ ឆ្នាំមុន នៅលើទឹកដីជាយដែននៃកម្ពុជា មានយុវជនខ្មែរមួយរូបទើបតែអាយុ ២៥ឆ្នាំ បានសម្រេចចិត្តប្រកបដោយការលះបង់ខ្ពស់បំផុតជាមួយយុទ្ធមិត្តដ៏ស្មោះស្ម័គ្រ៤រូបផ្សេងទៀត ដើម្បីទាមទារសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋខ្មែរ ក្នុងទឹកដីនៃតំបន់ x-១៦ ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧ ដែលជាការចាប់ផ្តើមបេសកកម្មដាក់ជីវិតផ្ទាល់ខ្លួនធ្វើជាដើមទុន ដើម្បីប្តូរយកជីវិតខ្មែរមួយនគរដែលកំពុងឈរនៅពីមុខជ្រោះមរណៈនិងកំពុងបួងសួងរកអ្នកជួយសង្គ្រោះ៕


