របាយការណ៍មួយបាននិយាយកាលពីថ្ងៃពុធ (១៩ មិថុនា) ថា កុមារជិត ២.០០០ នាក់បានស្លាប់ជារៀងរាល់ថ្ងៃ ដោយសារបញ្ហាសុខភាពដែលទាក់ទងនឹងកង្វក់ខ្យល់ ឬការបំពុលបរិយាកាស ដែលឥឡូវនេះជាកត្តាហានិភ័យធំបំផុតទីពីរសម្រាប់ការស្លាប់មុនអាយុនៅទូទាំងពិភពលោក។

ការប៉ះពាល់ដោយផ្ទាល់ទៅនឹងកង្វក់ខ្យល់ បានរួមចំណែកដល់ការស្លាប់របស់មនុស្សចំនួន ៨,១ លាននាក់ ដែលជាតួលេខប្រហែល ១២ ភាគរយនៃការស្លាប់ទាំងអស់ក្នុងឆ្នាំ២០២១ នេះបើយោងតាមរបាយការណ៍ពីវិទ្យាស្ថានផលប៉ះពាល់សុខភាព (HEI) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

នេះមានន័យថា កង្វក់ខ្យល់ ឬការបំពុលបរិយាកាសនេះ បានវ៉ាដាច់ការស្លាប់ដោយប្រើប្រាស់ថ្នាំជក់ និងរបបអាហារមិនល្អ ហើយក្លាយជាកត្តាហានិភ័យនាំមុខគេទីពីរសម្រាប់ការស្លាប់មុនអាយុ នៅពីក្រោយតែជំងឺលើសឈាម។ កុមារតូចៗងាយរងគ្រោះបំផុតក្នុងកង្វក់ខ្យល់ ហើយវិទ្យាស្ថាននេះបានសហការជាមួយមូលនិធិកុមាររបស់អង្គការសហប្រជាជាតិយូនីសេហ្វ (Unicef) សម្រាប់របាយការណ៍ គុណភាពខ្យល់សកល (Global Air) ប្រចាំឆ្នាំរបស់រដ្ឋ។
របាយការណ៍បានរកឃើញថា កង្វក់ខ្យល់បានរួមចំណែកដល់ការស្លាប់របស់កុមារជាង ៧០០.០០០ នាក់ដែលមានអាយុក្រោម ៥ ឆ្នាំ ។ ជាង ៥០០.០០០ ករណីនៃការស្លាប់ទាំងនោះត្រូវបានសន្មតថា មកពីការចម្អិនអាហារក្នុងផ្ទះដោយប្រើឥន្ធនៈកខ្វក់ដូចជាធ្យូងថ្ម ឈើ ឬលាមក ដែលភាគច្រើននៅទ្វីបអាហ្វ្រិក និងអាស៊ី។

របាយការណ៍ក៏បានរកឃើញថា ការបំពុលប្រព័ន្ធអូហ្សូន ដែលត្រូវបានគេរំពឹងថានឹងកាន់តែអាក្រក់នៅពេលដែលពិភពលោកឡើងកម្ដៅដោយសារបម្រែបម្រួលអាកាសធាតុដែលជំរុញដោយមនុស្ស ត្រូវបានផ្សារភ្ជាប់ទៅនឹងការស្លាប់ជិត ៥០០.០០០ នាក់ក្នុងឆ្នាំ២០២១៕