អាហ្វហ្គានីស្ថាន៖ អ្នកនាំពាក្យតាលីបង់បានប្រកាសកាលពីថ្ងៃអង្គារថា ជនជាតិអាហ្វហ្គានីស្ថានដែលធ្វើការឱ្យសហរដ្ឋអាមេរិក និងរដ្ឋាភិបាលគាំទ្រដោយលោកខាងលិចត្រូវបានផ្តល់ការលើកលែងទោស។ នៅក្នុងសន្និសីទសារព័ត៌មានសាធារណៈជាលើកដំបូងរបស់លោក ក្រោយក្រុមតាលីបង់ដណ្ដើមគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន លោក Zabiullah Mujahid និយាយថា យើងមិនចង់ឲ្យមានការសងសឹកពីនរណាម្នាក់ឡើយ។

ក្រុមតាលីបង់បានប្រកាស “ការលើកលែងទោសជាទូទៅ” សម្រាប់មន្ត្រីរដ្ឋាភិបាលទាំងអស់កាលពីថ្ងៃអង្គារ ហើយបានជំរុញឱ្យពួកគេវិលត្រឡប់មកធ្វើការវិញ ដោយព្យាយាមធ្វើឱ្យស្ថានការណ៍ស្ងប់ស្ងាត់នៅទូទាំងរដ្ឋធានី ត្រឹមតែមួយថ្ងៃប៉ុណ្ណោះមុនពេលឃើញមានភាពច្របូកច្របល់នៅអាកាសយានដ្ឋានក្រុងកាប៊ុល ខណៈមនុស្សព្យាយាមរត់គេចខ្លួន។ ក្រុមនេះបាននិយាយថា ស្ត្រីក៏នឹងត្រូវបានអនុញ្ញាតឱ្យដើរតួនាទីនៅក្នុងរដ្ឋាភិបាល ស្របតាមច្បាប់អ៊ីស្លាម Sharia ផងដែរ។ រដ្ឋធានីកាប៊ុលនៅតែស្ងៀមស្ងាត់ ខណៈក្រុមតាលីបង់កំពុងល្បាតតាមផ្លូវនានា។ ប៉ុន្តែមនុស្សជាច្រើននៅតែមានការភ័យខ្លាច បន្ទាប់ពីអ្នកទោសនៅពន្ធនាគារត្រូវបានដោះលែង និងឃ្លាំងស្តុកគ្រឿងសព្វាវុធត្រូវបានគេយកអស់ អំឡុងការបោសសំអាតរបស់ក្រុមបះបោរនៅទូទាំងប្រទេស។
ប្រជាពលរដ្ឋនៅទីក្រុងកាប៊ុលនិយាយថា ជនប្រដាប់អាវុធជាច្រើនក្រុមបានធ្វើដំណើរពីផ្ទះមួយទៅផ្ទះ ដើម្បីស្វែងរកបុគ្គលដែលធ្វើការជាមួយរដ្ឋាភិបាល និងកងកម្លាំងសន្តិសុខដែលត្រូវបានបណ្ដេញចេញ ប៉ុន្តែគេមិនច្បាស់ទេថា តើក្រុមខ្មាន់កាំភ្លើងនោះជាពួកតាលីបង់ ឬឧក្រិដ្ឋជនដែលជាក្រុមសកម្មប្រយុទ្ធ។ លោក Mujahid ក៏បាននិយាយផងដែរថា ពួកតាលីបង់នឹងមិនអនុញ្ញាតឱ្យប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានប្រើជាមូលដ្ឋានសម្រាប់វាយប្រហារប្រទេសផ្សេងទៀតដូចកាលពីប៉ុន្មានឆ្នាំកន្លងទៅ មុនការវាយប្រហារអគារពាណិជ្ជកម្មពិភពលោក World trade Centre របស់អាមេរិកថ្ងៃទី១១ ខែកញ្ញានោះទេ៕
អត្ថបទ៖ សុខមាន