អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា ការប្រើប្រាស់គ្រាប់បែកធុនធ្ងន់ម្តងហើយម្តងទៀតរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប ដែលមានប្រជាជនរស់នៅច្រើន បង្ហាញពីការបំពានច្បាប់សង្រ្គាមដដែលៗ ដោយលើកឡើងពីការវាយប្រហារចំនួន៦លើក បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់២១៨ នាក់ស្លាប់។

នៅក្នុងរបាយការណ៍ថ្មី ដែលត្រូវបានរិះគន់ភ្លាមៗដោយអ៊ីស្រាអែលថាមានភាពលំអៀងយ៉ាងខ្លាំង។
វាជាប់ពាក់ព័ន្ធទៅនឹងការប្រើប្រាស់គ្រាប់បែកទម្ងន់រហូតដល់២.០០០ផោន ទម្លាក់ទៅលើអគារលំនៅឋាន សាលារៀន ជំរំជនភៀសខ្លួន និងទីផ្សារ។
ការិយាល័យសិទ្ធិមនុស្ស ដែលត្រូវបានគេស្គាល់ដោយអក្សរកាត់ OHCHR បាននិយាយថា អង្គការបានផ្ទៀងផ្ទាត់អ្នកស្លាប់ចំនួន២១៨នាក់ នៅក្នុងការវាយប្រហារទាំងនោះ ដែលត្រូវបានអនុវត្តនៅដើមខែនៃសង្គ្រាមនៅថ្ងៃទី៧ ខែតុលា ប៉ុន្តែបាននិយាយថា ខ្លួនមានព័ត៌មានដែលបង្ហាញពីចំនួនអ្នកស្លាប់ អាចខ្ពស់ជាងនេះច្រើន។

ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា តម្រូវការក្នុងការជ្រើសរើសមធ្យោបាយ និងវិធីសាស្រ្តនៃសង្គ្រាម ដែលបញ្ចៀស ឬកាត់បន្ថយឲ្យតិចបំផុតចំពោះគ្រប់វិសាលភាពនៃផលប៉ះពាល់ទៅលើជនស៊ីវិល ទំនងជាត្រូវបានបំពានជាបន្តបន្ទាប់ នៅក្នុងយុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។