ភ្លៀងធ្លាក់ខ្លាំងដ៏គំហុកនៅទូទាំងផ្នែកភាគខាងត្បូងនៃប្រទេសចិនបានបណ្តាលឱ្យមានទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរ ដែលបានឆក់យកជីវិតមនុស្ស១៣នាក់ ព្រមទាំងបានប៉ះពាល់ដល់មនុស្សប្រមាណ៦៦.៥០០នាក់ ខណៈរំពឹងថានឹងមានភ្លៀងធ្លាក់ខ្លាំងបន្តរហូតដល់សប្តាហ៍នេះ ទន្ទឹមនឹងក្រុមអាជ្ញាធរក្នុងតំបន់កំពុងឆ្លើយតបទៅនឹងផលប៉ះពាល់។

មជ្ឈមណ្ឌលឧតុនិយមជាតិបានប្រកាសអាសន្នពណ៌លឿងជាថ្មីសម្រាប់ព្យុះភ្លៀងនៅទូទាំងផ្នែកនៃខេត្ត ជាំងស៊ូ (Jiangsu) ខេត្ត អានហ៊ុយ (Anhui) ទីក្រុងសៀងហៃ (Shanghai) ខេត្ត ជេជាំង (Zhejiang)ខេត្ត ជាំងស៊ី (Jiangxi)ខេត្ត ហ៊ើប៉ី (Hubei)ខេត្ត ហ៊ូណាន (Hunan)ខេត្ត ហ្គួយចូវ (Guizhou) ខេត្ត ក្វាងស៊ី (Guangxi) និងខេត្តក្វាងទុង (Guangdong)សម្រាប់ថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
ភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃមកនេះ គេបានមើលឃើញកម្រិតទឹកហក់ឡើងលើសពីសញ្ញាព្រមានទឹកជំនន់នៅស្ថានីយតាមដានជលសាស្ត្រជាច្រើននៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសចិន។

កម្លាំងសង្គ្រោះក្នុងតំបន់ត្រូវបានបញ្ជូនភ្លាមៗ ដើម្បីជម្លៀសអ្នកស្រុកដែលជាប់ក្នុងទឹកជំនន់ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរំដោះទឹកជំនន់។
គិតត្រឹមល្ងាចថ្ងៃពុធ ការផ្គត់ផ្គង់ថាមពលអគ្គិសនី ត្រូវបានតភ្ជាប់ឡើងវិញដល់ជាង៩០ ភាគរយនៃ ប្រជាពលរដ្ឋ ប្រមាណ ៤១៤.០០០ គ្រួសារនៅខេត្ត ក្វាងទុង ដែលត្រូវបានកាត់ផ្តាច់ដោយសារតែអាកាសធាតុអាប់អួរ ។