សហរដ្ឋអាមេរិកបានបញ្ជាក់ឡើងវិញកាលពីថ្ងៃពុធសប្ដាហ៍នេះ ថាកិច្ចសហប្រតិបត្តិការដែលកំពុងកើនឡើងរវាងរុស្ស៊ី និងកូរ៉េខាងជើងគឺជានិន្នាការនៃការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ បានចុះហត្ថលេខាលើសន្ធិសញ្ញាដែលអំពាវនាវឱ្យមានជំនួយទៅវិញទៅមក ប្រសិនបើភាគីណាមួយរងការវាយប្រហារ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានលើកឡើងបែបនេះ បន្ទាប់ពីលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un បានចុះហត្ថលេខាលើសន្ធិសញ្ញា "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ" នៅក្នុងជំនួបកំពូលនៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃពុធ ស្របពេលការព្រួយបារម្ភពីផលប៉ះពាល់ផ្នែកសន្តិសុខនៃទំនាក់ទំនងយោធារបស់ប្រទេសទាំង២។

អ្នកនាំពាក្យខាងលើបានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ តាមសារអេឡិចត្រូនិកថា ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងកូរ៉េខាងជើង គឺជានិន្នាការដែលគួរយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះនរណាម្នាក់ដែលចាប់អារម្មណ៍ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ ត្រូវប្រកាន់ខ្ជាប់នូវរបបមិនរីកសាយអាវុធជាសាកល គោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងគាំទ្រប្រជាជនអ៊ុយក្រែន ខណៈការពារសេរីភាព និងឯករាជ្យរបស់ពួកគេប្រឆាំងនឹងការឈ្លានពានដ៏ឃោរឃៅរបស់រុស្ស៊ី ៕