ក្រុមអ្នកស៊ើបការណ៍ចារកម្មអាមេរិក ជឿជាក់ថា បណ្ដាមេដឹកនាំរបស់ប្រទេសចិន សឹងតែមិនមានការបារម្ភទាល់តែសោះ ចំពោះការបោះឆ្នោតដែលជិតមកដល់រវាងលោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) និងលោក ដូណាល់ ត្រាំ (Donald Trump)។

នៅមុនការជជែកដេញដោលដំបូងនៃយុទ្ធនាការប្រធានាធិបតីនៅសប្តាហ៍ក្រោយ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកវាយតម្លៃថា ប្រទេសចិន មិនមានការពេញចិត្តច្បាស់លាស់រវាងបេក្ខជនទាំងពីរនោះទេ នេះបើយោងតាមមន្ត្រីអាមេរិក ដែលបានសុំមិនបញ្ចេញអត្តសញ្ញាណ។

ការសន្និដ្ឋាននេះបង្ហាញថា ក្រុមមន្ត្រីនៅទីក្រុងប៉េកាំង ដូចជាសមភាគីរបស់ពួកគេនៅទីក្រុងវ៉ាស៊ីនតោនដែរ គឺជឿជាក់ថាទំនាក់ទំនងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកទាំងពីរនេះ នឹងបន្តនៅលើគន្លងធ្លាក់ចុះរយៈពេលវែង បើទោះបីជានាពេលថ្មីៗនេះមានកំណើនកិច្ចប្រជុំកម្រិតខ្ពស់ដែលត្រូវបានចាត់ទុកថាជាកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងការខ្វែងគំនិតគ្នាក៏ដោយ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសទាំងពីរបានប៉ះទង្គិចគ្នាលើគ្រប់រឿងរាប់ចាប់ពីបច្ចេកវិទ្យា រហូតដល់សិទ្ធិមនុស្ស និងបញ្ហាសមុទ្រចិនខាងត្បូង។

ការវាយតម្លៃរបស់សហរដ្ឋអាមេរិកនេះគឺត្រូវគ្នានៅក្នុងបទសម្ភាសន៍ជាមួយក្រុមមន្ត្រីចិន ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះផងដែរ។ ពួកគេនិយាយថា ទស្សនៈនៅទីក្រុងប៉េកាំង គឺថាបេក្ខជនប្រធានាធិបតីទាំងពីរមានចេតនាក្នុងការទប់ស្កាត់ប្រទេសចិន និងរំខានដល់វឌ្ឍនភាពរបស់ខ្លួន។ នៅពេលសាកសួរអំពីការបោះឆ្នោតអាមេរិក លោក លីវ ផឹងយូ (Liu Pengyu) អ្នកនាំពាក្យស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ប្រទេសចិនមិនធ្វើអត្ថាធិប្បាយលើ «កិច្ចការផ្ទៃក្នុងរបស់អាមេរិក» នោះទេ៕