អនុប្រធានាធិបតីហ្វីលីពីន លោកស្រី សារ៉ា ឌូទែរតេ (Sara Duterte) កាលពីថ្ងៃពុធ (១៩ មិថុនា) បានលាលែងពីតំណែងគណៈរដ្ឋមន្រ្តីរបស់លោកប្រធានាធិបតី ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) និងមុខតំណែងសំខាន់មួយទៀត ដោយទំនាក់ទំនងដ៏តានតឹងរវាងគ្រួសារទាំងពីរបានក្លាយទៅជាការបែកបាក់ជាសាធារណៈក្នុងប៉ុន្មានខែថ្មីៗនេះ។

រដ្ឋមន្រ្តីទំនាក់ទំនងប្រធានាធិបតី លោកស្រី ឆេឡយ ហ្ការ៉ាហ្វីល (Cheloy Garafil) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ម៉ាកូស បានទទួលយកការលាលែងពីតំណែងរបស់លោកស្រី ឌូទែរតេ ពីតំណែងជារដ្ឋមន្ត្រីអប់រំ និងជាអនុប្រធាននៃក្រុមការងារប្រឆាំងការបះបោរ ហើយលោកស្រីមិនបានផ្ដល់ហេតុផលសម្រាប់ការលាលែងនេះទេ។

លោកស្រី ឌូទែរតេ ដែលនឹងនៅតែបន្តតំណែងជាអនុប្រធានាធិបតី បាននិយាយក្នុងសន្និសីទសារព័ត៌មានថា «ការលាលែងពីតំណែងរបស់លោកស្រី មិនមែនដោយសារភាពទន់ខ្សោយទេ ប៉ុន្តែដោយសារតែការព្រួយបារម្ភពិតប្រាកដចំពោះគ្រូបង្រៀន និងយុវជន»។

ការលាលែងពីតំណែងនេះ បានបញ្ជាក់ពីអ្វីដែលអ្នកសង្កេតការណ៍នយោបាយបានព្យាករថា សម្ព័ន្ធភាពរវាងគ្រួសាររបស់ពួកគេ ដែលបាននាំឱ្យលោក ម៉ាកូស និងលោកស្រី ឡើងកាន់អំណាចនៅឆ្នាំ២០២២ នឹងត្រូវដួលរលំដោយសារតែការខ្វែងគំនិតគ្នាខាងនយោបាយ និងគោលនយោបាយរបស់ពួកគេ៕