មន្រ្តីម្នាក់បាននិយាយកាលពីថ្ងៃពុធ (១៩ មិថុនា) ថា ជនស៊ីវិលជិត ៣៥០ នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុង អ៊ែល ហ្វាសឺ (El Faser) រដ្ឋធានីនៃរដ្ឋ ណស ដាហ្វឺ (North Darfur) របស់ប្រទេសស៊ូដង់ ចាប់តាំងពីថ្ងៃទី១០ ខែឧសភា ស្របពេលមានការប៉ះទង្គិចគ្នាកាន់តែខ្លាំងរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF)។

លោក អ៊ីប្រាហ៊ីម អាបឌូលឡា ខាទឺ (Ibrahim Abdullah Khatir) អគ្គនាយកនៃក្រសួងសុខាភិបាលរដ្ឋរដ្ឋ ណស ដាហ្វឺ បានប្រាប់សារព័ត៌មានស៊ីនហួ ថា «មនុស្សយ៉ាងហោចណាស់ ៣៤៦ នាក់ត្រូវបានសម្លាប់ និង ២.២០០ នាក់ផ្សេងទៀតបានរងរបួសចាប់តាំងពីថ្ងៃទី១០ ខែឧសភា ហើយតួលេខពិតប្រាកដទំនងជាច្រើនជាងនេះទៅទៀត» ព្រោះស្ថិតិ «គ្របដណ្តប់តែអ្នកស្លាប់ និងអ្នករបួសដែលបានចុះឈ្មោះក្នុងមន្ទីរពេទ្យប៉ុណ្ណោះ ខណៈអ្នកស្លាប់មួយចំនួនធំត្រូវបានកប់ដោយមិនបានរាយការណ៍»។

ប្រទេសស៊ូដង់ បានជាប់គាំងនៅក្នុងជម្លោះដ៏បង្ហូរឈាមរវាងកងទ័ពស៊ូដង់ SAF និងកងកម្លាំងគាំទ្ររហ័ស RSF ចាប់តាំងពីខែមេសា ឆ្នាំ២០២៣ ដែលបានឆក់យកជីវិតមនុស្ស ១៥.៥៥០ នាក់ និងបានជម្លៀសប្រជាជនជាង ៨,៨ លាននាក់នៅទូទាំងប្រទេស នេះបើយោងតាមការប៉ាន់ស្មានដោយការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌៕