ថ្ងៃ២០ មិថុនា ឆ្នាំ ១៩៧៧ ជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ជាថ្ងៃចាប់ផ្ដើមឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ថ្ងៃប្រវត្តិសាស្ត្រនេះ ជាការចាកចេញពីមាតុភូមិ ដោយយកអាយុជីវិតជាដើមទុន របស់សម្ដេចតេជោ ហ៊ុន សែន និងសមមិត្ត ៥រូបផ្សេងទៀត ដើម្បីទៅស្វែងរកជំនួយពីប្រទេស វៀតណាម មករំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍។ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ត្រូវបានយុវជន មើលឃើញថា ជាគំរូវីរៈភាពដ៏ធំធេងសម្រាប់ប្រទេសជាតិកម្ពុជាទាំងមូល។
ថ្ងៃទី២០ មិថុនា ឆ្នាំ ២០២៤នេះ ជាគម្រប់ខួប ៤៧ឆ្នាំ នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលជាចំណុចចាប់ផ្ដើមឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ព្រឹត្តិការណ៍សំខាន់ ដែលបានកើតឡើងនៅ ៤៧ឆ្នាំមុននោះ ជាការយកជីវិតធ្វើជាដើមទុន របស់ យុវជន ហ៊ុន សែន និងសមមិត្ត ៥រូបផ្សេងទៀត ចាកចេញពីកម្ពុជា ទៅស្វែងរកជំនួយពីប្រទេស វៀតណាម ដើម្បីរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ត្រូវបានយុវជនក្នុងសង្គមសន្តិភាពបច្ចុប្បន្ន មើលឃើញថា ជាគំរូវីរៈភាពដ៏ធំធេងរបស់សម្ដេចតេជោ និងសមមិត្តស្មោះស្ម័គ្ររបស់លោក។ ការចាត់ទុកជាគំរូ វីរភាពដ៏ធំធេងនេះ ដោយសារពួកគេមើលឃើញថា សម្ដេច ហ៊ុន សែន និងសមមិត្ត មានទឹកចិត្តមុះមុត គិតប្រយោជន៍ជាតិជាធំ ហ៊ានប្រថុយជីវិតដើម្បីស្វែងរកជំនួយចេញពី របបខ្មៅងងឹត ប៉ុល ពត។ ក្រុមយុវជន មើលឃើញដែរថា បើសិនជាគ្មានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ថ្ងៃទី ២០ មិថុនា ឆ្នាំ ១៩៧៧នោះទេ ច្បាស់ជាមិនមានដំណាក់កាលបន្ទាប់ៗ និងគ្មានថ្ងៃជ័យជំនះ ៧ មករា ឆ្នាំ ១៩៧៩នោះទេ។
ក្រុមយុវជនជាអ្នកទទួលផលពីសង្គមមានសុខសន្តិភាព ជាអ្នកបន្តវេននាពេលអនាគត ពួកគេដឹងច្បាស់ពីកាតព្វកិច្ចរបស់ខ្លួន។ កាតព្វកិច្ចរបស់ពួកគេ គឺការថែរក្សាសុខសន្តិភាព ការអភិវឌ្ឍន៍ ដែលកម្ពុជាទទួលបានដោយលំបាកពីការពលីរបស់យុវជនជំនាន់មុន។ ភ្ជាប់ជាមួយការថែរក្សាសុខសន្តិភាព គឺជាការអភិវឌ្ឍន៍ខ្លួនធ្វើខ្លួនជាធនធានមានសមត្ថភាព សម្រាប់សង្គមជាតិ ចូលរួមអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើន។
គួររម្លឹកឱ្យដឹងថា ព្រឹត្តិការណ៍ថ្ងៃទី ២០ មិថុនា ឆ្នាំ ១៩៧៧ ជាការចាកចេញទៅស្វែងរកជំនួយរំដោះប្រទេសរបស់សមមិត្ត ហ៊ុន សែន សមមិត្ត នុច ថន សមមិត្ត ញឹក ហួន សមមិត្ត វ៉ា ប៉ោអ៊ាន និង សមមិត្ត ស៊ូ គីម ស្រ៊ាង (ហៅសាញ់)។ ឥស្សរជនទាំង៥នាក់ បានសម្រេចចិត្តធ្វើដំណើររួមគ្នាទាំងយប់ចេញពីតំបន់មួយក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឆ្ពោះទៅទិសខាងកើតដើម្បីស្វែងរកជំនួយមករំដោះប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត៕ អត្ថបទ៖ គឹម ហុក