អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Ryabkov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន TASSថា ប្រទេសអ៊ុយក្រែន នឹងមិនចូលរួមជាមួយសម្ព័ន្ធភាពអាត្លង់ទិកខាងជើងនោះទេ។

ដោយអត្ថាធិប្បាយអំពីសេចក្តីថ្លែងការណ៍របស់អគ្គលេខាធិការអង្គការណាតូលោក ចេន ស្តូលថិនប៊ឺក (Jens Stoltenberg) ថា លក្ខខណ្ឌសម្រាប់ការចូលរបស់អ៊ុយក្រែនទៅក្នុងប្លុកយោធានេះ នឹងក្លាយជាជ័យជម្នះរបស់ខ្លួន នៅក្នុងជម្លោះជាមួយសហព័ន្ធរុស្ស៊ី លោកអនុរដ្ឋមន្ត្រីរូបនេះ បាននិយាយថា៖«នេះមានន័យថា បញ្ហានេះ នឹងមិនកើតឡើងទេ»។
លោកបានបន្ថែមថា៖«ខ្ញុំសង្ឃឹមថា លោក ស្តូលថិនប៊ឺក យល់អំពីរឿងនេះ យ៉ាងច្បាស់។

លោក Ryabkov បានសង្កត់ធ្ងន់ថា៖ «គាត់ (លោក ស្តូលថិនប៊ឺក)ដឹងច្បាស់ជាងខ្ញុំពីរបៀបដែលការសម្រេចចិត្តដែលធ្វើឲ្យមានបញ្ហាចម្រោងចម្រាស ក្នុងឆ្នាំ ២០០៨ ត្រូវបានរៀបចំ នៅពេលដែលក្រុមមេដឹកនាំណាតូ បានសរសេរនៅក្នុងកម្រិតខ្ពស់បំផុតថា ប្រទេសអ៊ុយក្រែន នឹងក្លាយជាសមាជិករបស់អង្គការណាតូ។ ការធ្វើបែបនេះ បានក្លាយជាគន្លឹះនៃវិបត្តិទាំងមូល ដែលយើងកំពុងសង្កេតមើលសព្វថ្ងៃនេះ។ ប្រសិនបើបណ្តាសមាជិកណាតូ បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្លាក់ចូលទៅក្នុងអន្ទាក់ដដែលម្តងទៀត ហើយប្រវត្តិសាស្ត្រ មិនបង្រៀនអ្វីដល់ពួកគេទេ បន្ទាប់មកពួកគេ នឹងរងការវាយប្រហារម្តងទៀត ហើយផលប៉ះពាល់របស់ពួកគេ នឹងកាន់តែអាក្រក់ឡើងៗ»។
នៅពេលសួរថាតើវាមានន័យថា អ៊ុយក្រែន នឹងមិនចូលរួមជាមួយអង្គការណាតូទេ លោក Ryabkov បានបញ្ជាក់ឡើងវិញថា៖«ខ្ញុំគិតថា បញ្ហានេះ ត្រូវបានគេច្រានចោល»។