ពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុយ សែម សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋ ប្រមាណ៤០០នាក់ មកពីបណ្តាលភូមិនានា ក្នុងឃុំលាច ស្រុកភ្នំក្រវាញ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម យឹម វិសិដ្ឋ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកភ្នំក្រវាញ លោក ហៀប ឃួន អភិបាលរងខេត្តតំណាង ឯកឧត្តម ខូយ រីដា អភិបាលខេត្ត លោក ហេង សុភាណា អភិបាលស្រុកភ្នំក្រវាញ អធិការនគរបាលស្រុក រួមនិងអាជ្ញាធរភូមិ-ឃុំ ។
ឯកឧត្តម ស៊ុយ សែម មានប្រសាសន៍ថា ការជួបជុំគ្នាក្នុងថ្ងៃនេះដើម្បីបានដឹងពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និង
ជម្រាប់ជូនអំពីគោលនយោបាយរបស់ថ្នាក់ដឹកនាំ ពិសេសនេះ ជាវេទិកាមួយផ្ដល់ឱកាសឲ្យបងប្អូន លើកឡើងនូវក្ដីកង្វល់និងបញ្ហាប្រឈមនានា ដែលកើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួន ហើយយើងពិភាក្សាគ្នា ដោយធ្វើការសម្របសម្រួលដោះស្រាយក្នុងកំរិតថ្នាក់ខេត្ត ថ្នាក់ស្រុក និងបញ្ហាខ្លះត្រូវរាយការណ៍ជូនទៅរដ្ឋសភា និងរាជរដ្ឋាភិបាលដើម្បីជួយដោះស្រាយជូន ។ ឯកឧត្តម ស៊ុយ សែម មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានខិតខំបន្តកសាងនិងអភិវឌ្ឍន៍លើគ្រប់វិស័យ ការពារបូរណភាពទឹកដី ថែរក្សាសុខសន្តិភាព ដើម្បីកំណើនការងារ សេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយសុខដុមរមនា។ ជាការពិតណាស់ អ្វីៗដែលកំពុងកើតមាន និងការជួបជុំគ្នាថ្ងៃនេះ គឺដោយសារកត្តាសុខសន្តិភាពប្រសិនបើប្រទេសជាតិនៅមានសង្គ្រាមយើងមិនអាចកសាងសមិទ្ធផលឬមកជួបជុំគ្នាដូចថ្ងៃនេះដែរ។
ជាមួយគ្នានោះ ប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមបានសម្តែងក្តីរីករាយដោយរស់នៅមិនមានភាពភ័យខ្លាច ប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពល្អប្រសើរ ប្រទេសជាតិមានការអភិវឌ្ឍន៍ ហើយរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំមានការយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាក់ស្តែងពេលនេះ ឯកឧត្តម ស៊ុយ សែម អ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់បាន អញ្ជើញមកជួបប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីបានដឹងពីទុក្ខលំបាក ឬបញ្ហាផ្សេងៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃដើម្បីរក ដំណោះស្រាយជូនប្រជាពលរដ្ឋ ។
ក្នុងឱកាសនោះ ឯកឧត្តម ស៊ុយ សែម បានជួយសម្របសម្រួលបញ្ហាជាច្រើន ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើង ពិសេសបញ្ហាសត្វមូសនៅតាមសាលារៀន, ស្នើរសុំជួសជុលផ្លូវ១ខ្សែតាមខ្នងប្រឡាយ , ប្រជាពលរដ្ឋមួយចំនួនតូចមានផ្ទះនៅដាច់ស្រយាលពុំទាន់មានខ្សែភ្លើងទៅដល់ ហើយប្រជាពលរដ្ឋប្រមាណ៥០គ្រួសារមានភ្លើងខ្សោយ , ការស្នើរសុំធ្វើប្លង់ដី , ការស្នើរសុំកែតម្រូវ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ , ស្នើរសុំផ្លូវបេតុង១ខ្សែក្នុងភូមិ , ស្នើរសុំធ្វើទំនប់បង្ហៀរទឹក១កន្លែង , ករណីស្នើរសុំបើកផ្លូវ រួមនិងការឧបត្ថម្ភប្រជាការពារភូមិ ៕
អត្ថបទ ៖ ភិរុណ ពៅ









