បាល់ទាត់៖ ខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski ដែលតែមានទំរង់លេងមិនចេះធ្លាក់ចុះក្រោយរកបាន ២គ្រាប់ម្នាក់ឯងឱ្យ Bayern Munich យកឈ្នះ Borussia Dortmund ការពារជើងឯក German Super Cup បានសំរេច។

នេះជាពានដំបូងរបស់ Bayern Munich ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Julian Negelsmann តាំងពីផ្ទេរពី RB Leipzig។ កីឡាករវ័យ ៣២ឆ្នាំ Robert Lewandowski ដែលស៊ុតបញ្ចូលទី ៤១គ្រាប់ឱ្យ Bayern Munich រដូវកាលមុន បានបើកការនាំមុខការប្រកួតនេះនៅនាទីទី៤១ មុនពេលដែល Thomas Muller បន្ថែមមួយគ្រាប់ទៀតដើមវគ្គទី២។ Marco Reus ក្រោយមកក៏តាមបានមួយគ្រាប់វិញឱ្យ Dortmund នៅនាទីទី៦៤ តែ Lewandowski ដដែលក៏រកបានគ្រាប់ធានាជ័យជំនះឱ្យ Bayern Munich ៣-១ លើ Dortmund និងជាគ្រាប់ទី២៤ របស់គេគិតតែស៊ុតលើអតីតក្រុម Dortmund តែប៉ុណ្ណោះ។

ខ្សែប្រយុទ្ធប៉ូឡូញរូបនេះបានចាកចេញពី Dortmund មកកាន់ Bayern Munich នៅឆ្នាំ២០១៤។ ការប្រកួតពានរង្វាន់ German Super Cup គឺជាការជួបគ្នារវាងជើងឯក Bundesliga គឺ Bayern Munich ដែលឈ្នះពាន ៩រដូវកាលជាប់គ្នារដូវកាលមុនជួបជាមួយជើងឯក DFB Pokal រឺអាល្លឺម៉ងខាប់៕
អត្ថបទ៖នាង សុភាវុធ