
យ៉ាងហោចណាស់មនុស្ស ២នាក់ បានបាត់បង់ជីវិត ក្នុងហេតុការណ៍ចំហេះព្រៃ នៅភាគខាងត្បូងរដ្ឋ New Mexico របស់សហរដ្ឋអាមេរិក ខណៈផ្ទះសម្បែងប្រមាណជា ៥០០ខ្នង ត្រូវបានឆេះបំផ្លាញ ហើយអ្នកស្រុកប្រហែល ៨.០០០ នាក់ ត្រូវបានជម្លៀសចេញពីសហគមន៍រមណីយដ្ឋានភ្នំ Ruidoso។
នគរបាលរដ្ឋ New Mexico កាលពីថ្ងៃពុធ (ទី១៩ ខែមិថុនា) បានរាយការណ៍ថា សពមនុស្សម្នាក់មិនស្គាល់អត្តសញ្ញាណដែលសល់តែគ្រោងឆ្អឹង ត្រូវបានប្រទះឃើញអង្គុយនៅកៅអីអ្នកបើកបររបស់រថយន្តដែលត្រូវបានឆេះខ្ទេច ១គ្រឿង។
ជាមួយគ្នានេះ អភិបាលរដ្ឋ New Mexico លោកស្រី Michelle Lujan Grisham បានប្រាប់អ្នកសារព័ត៌មានថា ផ្ទះសម្បែងចំនួនប្រហែល ៥០០ខ្នង ត្រូវបានគិតថា ស្ថិតក្នុងចំណោមអគារជាង ១.៤០០ខ្នង ដែលត្រូវបានឆេះបំផ្លាញដោយអគ្គិភ័យចំនួន២ ដោយធ្វើឲ្យវាក្លាយជាចំហេះព្រៃមួយ ក្នុងចំណោមចំហេះព្រៃដែលបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋនេះ។
គួរបញ្ជាក់ថា តំបន់ព្រៃប្រហែល ១៣៥ម៉ាយល៍ (ប្រមាណជា ២១៧គីឡូម៉ែត្រ) នៅភាគអាគ្នេយ៍នៃទីក្រុង Albuquerque ដែលជាទីក្រុងធំបំផុតរបស់រដ្ឋ New Mexico បានទទួលរងនូវចំហេះព្រៃជាបន្តបន្ទាប់ ក្នុងនោះរួមទាំងចំហេះដែលបានសម្លាប់មនុស្ស ២នាក់ ក្នុងឆ្នាំ២០២២ ផងដែរ៕