
នៅថ្ងៃព្រហស្បតិ៍នេះ គណៈប្រតិភូសភាសហរដ្ឋអាមេរិក បានជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi នៅទីក្រុងញូវដែល្លី ។
ជំនួបនេះ បានកើតមានឡើង រយៈពេល ១ថ្ងៃ ក្រោយតំណាងរាស្រ្តសហរដ្ឋអាមេរិក បំពេញទស្សនកិច្ចទៅកាន់ទីក្រុងតំបន់ភ្នំ Dharamsala ស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌា ដើម្បីដឹកនាំកិច្ចពិភាក្សាជាមួយមេដឹកនាំសាសនានិរទេសទីបេតិ៍ គឺសម្តេចសង្ឃ Dalai Lama ពាក់ព័ន្ធនឹងសេចក្តីស្នើច្បាប់ដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden គ្រោងនឹងចុះហត្ថលេខា ។
កាលពីថ្ងៃពុធ គណៈប្រតិភូមួយនេះ បានថ្លែងទៅកាន់ពលរដ្ឋទីបេតិ៍និរទេស ដែលរស់នៅក្នុងប្រទេសឥណ្ឌា ហើយពួកគេ និយាយថា ពួកគេនឹងមិនអនុញ្ញាតឲ្យចិនមានឥទ្ធិពលលើជម្រើសអ្នកបន្តវេនរបស់ព្រះអង្គនោះឡើយ គឺជាសេចក្តីអត្ថាធិប្បាយមួយដែលត្រូវបានគេរំពឹងថា នឹងធ្វើឲ្យទីក្រុងខឹងសម្បារខ្លាំង ខណៈចិនចាត់ទុកព្រះអង្គថាជាសង្ឃផ្តាច់ខ្លួន ។
គណៈប្រតិភូនេះ ដឹកនាំដោយលោក Michael McCaul គឺជាតំណាងរាស្រ្តគណបក្សសាធារណរដ្ឋមកពីរដ្ឋ Texas ដែលជាប្រធានគណៈកម្មាធិការសភាទទួលបន្ទុកកិច្ចការបរទេស រួមទាំងអតីតប្រធានាសភាមកពីគណបក្សប្រជាធិបតេយ្យលោកស្រី Nancy Pelosi ។
លោក McCaul បាននិយាយក្រោយជំនួបថា វានៅតែជាក្តីសង្ឃឹមរបស់លោកថា នៅថ្ងៃណាមួយ សម្តេចសង្ឃ Dalai Lama និងពុទ្ធបរិស័ទរបស់ព្រះអង្គ នឹងវិលត្រឡប់ទៅកាន់តំបន់ទីបេតិ៍វិញ ដោយសន្តិវិធី ។
គួររំឭកថា សម្តេចសង្ឃ Dalai Lama បានរត់យាងព្រះកាយមកកាន់ប្រទេសឥណ្ឌា ក្នុងឆ្នាំ ១៩៥៩ ក្រោយបដិវត្តន៍បរាជ័យប្រឆាំងនឹងការគ្រប់គ្រងរបស់ចិននៅតំបន់ទីបេតិ៍ ៕