
អតីតរដ្ឋមន្ត្រីការពារជាតិ លោក Mariusz Blaszczak បាននិយាយថា ប្រទេសប៉ូឡូញ គួរតែដកខ្លួនចេញពីបម្រាមលើមីនប្រឆាំងមនុស្ស ហើយដាក់ពង្រាយវានៅតាមបណ្តោយព្រំដែន ជាមួយតំបន់ Kaliningrad។
បច្ចុប្បន្ន លោក Blaszczak គឺជាសមាជិកសភាមួយរូបនៃគណបក្សច្បាប់ និងយុត្តិធម៌ (PiS)។ លោកគឺជារដ្ឋមន្ត្រីការពារជាតិពីឆ្នាំ២០១៨ ដល់ឆ្នាំ ២០២៣ នៅពេលដែលគណបក្ស PiS បានបាត់បង់អំណាច ដោយសារគណបក្សសម្ព័ន្ធវេទិកាពលរដ្ឋរបស់លោកនាយករដ្ឋមន្ត្រី ដូណាល់ ថាស់ (Donald Tusk)។
លោក Blaszczak បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅគណបក្ស PiS កាលពីថ្ងៃពុធ ដោយសំដៅលើសន្ធិសញ្ញាហាមឃាត់ការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សថា «ជាផ្នែកមួយនៃកម្មវិធី ដើម្បីពង្រឹងព្រំដែនភាគខាងកើត អាជ្ញាធរ ត្រូវតែដកខ្លួនចេញពីអនុសញ្ញាអូតាវ៉ា»។
លោក Blaszczak បានបញ្ជាក់ថា ទីក្រុងវ៉ាសូវី គួរតែដាក់មីននៅតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយតំបន់ Kaliningrad ដែលជាទឹកដីរុស្ស៊ីរវាងប៉ូឡូញ និងលីទុយអានី។
កាលពីខែមុន លោក ថាស់ បានប្រឆាំងជាសាធារណៈចំពោះការដាក់មីននៅតាមព្រំដែនជាមួយប្រទេស រុស្ស៊ី និងបេឡារុស ដែលជាវិធានការមួយដែលស្នើឡើងដំបូងដោយរដ្ឋាភិបាលរបស់គណបក្សPiS។ យោងតាមលោក ថាស់ ទីក្រុងវ៉ាសូវី ក៏មិនមានបំណងចាកចេញពីអនុសញ្ញាអូតាវ៉ាដែរ។