
ទីភ្នាក់ងារសន្តិសុខ BfV របស់ប្រទេសនេះ បានព្រមានកាលពីថ្ងៃអង្គារថា ក្រុមជីហាដបង្កហានិភ័យសន្តិសុខក្នុងស្រុកយ៉ាងធ្ងន់ធ្ងរដល់ប្រទេសអាល្លឺម៉ង់ ដោយនិយាយសំដៅសាខាដែលមានមូលដ្ឋាននៅអាហ្វហ្គានីស្ថាននៃអង្គការភេរវកម្មរដ្ឋឥស្លាមដ៏មានឥទ្ធិពល (IS ដែលពីមុនជា ISIS)។
លោកអគ្គនាយក Thomas Haldenwangនៃទីភ្នាក់ងារសន្តិសុខ BfV បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាល ពីថ្ងៃអង្គារថា ក្រុមនោះដែលសេវាចារកម្មអាល្លឺម៉ង់ បានហៅថា ISPK «បានព្យាយាមនាំយកសមាជិក ទៅកាន់អឺរ៉ុបខាងលិច ប្រហែលជាជាមួយនឹងរលកនៃជនភៀសខ្លួនពីអ៊ុយក្រែន ដែលឥឡូវនេះ កំពុងស្នាក់នៅទីនេះ ក្នុងប្រទេសអឺរ៉ុបខាងលិចផ្សេងៗ»។
មន្ត្រីជាន់ខ្ពស់ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី Nancy Faeser បានបង្ហាញរបាយការណ៍ប្រចាំឆ្នាំស្តីពីសកម្មភាពរបស់ទីភ្នាក់ងារសន្តិសុខBfV រួមទាំងប្រតិបត្តិការខែកក្កដា ឆ្នាំ ២០២៣ ពាក់ព័ន្ធនឹងការចាប់ខ្លួនជាបន្តបន្ទាប់នៅក្នុងប្រទេសអាល្លឺម៉ង់ និងហូឡង់។
មនុស្សសរុបចំនួន ៩នាក់ មកពីអាស៊ីកណ្តាល ត្រូវបានចាប់ខ្លួន នៅពេលនោះពីបទចោទប្រកាន់ថា បានបង្កើត «ក្រុមភេរវកម្មក្នុងស្រុក» និងរៀបចំការវាយប្រហារដ៏ធំ នៅលើទឹកដីអឺរ៉ុប។ ពួកគេ ៧នាក់ រស់នៅក្នុងប្រទេសអាល្លឺម៉ង់។