
ភ្លៀងធ្លាក់ខ្លាំង ចាប់ផ្តើមវាយប្រហារតំបន់ភាគឦសាន ប្រទេសម៉ិកស៊ិក ស្របពេលដែលព្យុះត្រូពិក Alberto កំពុងបង្កើនកម្លាំងរបស់ខ្លួននៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។
ក្រុមព្យាករណ៍ឧតុនិយមដែលមានមូលដ្ឋាននៅទីក្រុង Miami បាននិយាយថា ព្យុះ Alberto ស្ថិតនៅចម្ងាយប្រហែល ២១៧គ.មពីទីក្រុងកំពង់ផែ Tampico របស់ម៉ិកស៊ិក ជាមួយនឹងកម្លាំងខ្យល់បក់ ៨០គ.មក្នុង ១ម៉ោង ស្របពេលដែលយោធា និងបុគ្គលិកសេវាកម្មសង្រ្គោះបន្ទាន់ ត្រៀមខ្លួនសម្រាប់ផលប៉ះពាល់បង្កឡើងដោយសារព្យុះ ។
អគារធុរកិច្ចនៅក្នុងទីក្រុង Tampico បានបិទទ្វារ ហើយប្រជាពលរដ្ឋ នាំគ្នាស្តុកគ្រឿងផ្គត់ផ្គង់ មុនការមកដល់របស់ព្យុះ Alberto ។
មនុស្សម្នាក់ បានស្លាប់រួចទៅហើយដោយសារឥទ្ធិពលរបស់ព្យុះ Alberto ។ ក្មេងប្រុសអាយុ ១៥ឆ្នាំម្នាក់ ត្រូវបានទឹកទន្លេហូរនាំយកទៅ និងបានលង់ទឹកស្លាប់នៅក្រៅទីក្រុង Monterrey ដែលជាទីក្រុងធំជាងគេបំផុតទី ៣របស់ម៉ិកស៊ិក ស្ថិតនៅក្នុងរដ្ឋ Nuevo Leon ។
សេវាកម្មឧតុនិយមជាតិម៉ិកស៊ិក បានប្រកាសថា ភ្លៀងធ្លាក់ខ្លាំង នឹងបន្តពេញមួយយប់ នៅតាមតំបន់ឆ្នេរ រួមទាំងតំបន់ឆ្នេរនៅឧបទ្វីប Yucatan, Tabasco និងឧបទ្វីប ។
សេវាកម្មឧតុនិយមម៉ិកស៊ិក និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ភ្លៀងធ្លាក់ខ្លាំង នឹងវាយប្រហារតំបន់ជាច្រើននៅក្នុងប្រទេសម៉ិកស៊ិក រួមទាំងរដ្ឋ Nuevo Leon រដ្ឋ Tamaulipas នៅភាគឦសាន រដ្ឋ Oaxaca នៅភាគខាងត្បូង រដ្ឋ Campeche និងរដ្ឋ Yucatan នៅភាគខាងកើត ។
ពួកគេបានព្រមានថា ភ្លៀងធ្លាក់ខ្លាំងលាយឡំខ្យល់កន្រ្តាក់ និងព្យុះភ្លៀង អាចបង្កឲ្យមានបំណាក់ដី ទឹកទន្លេឡើង ក៏ដូចជាជន់លិចតំបន់វាលទំនាបនៅតាមរដ្ឋដែលរងផលប៉ះពាល់ ៕