
ក្រសួងការបរទេសចិន និយាយនៅថ្ងៃព្រហស្បតិ៍នេះថា សម្តេចសង្ឃ Dalai Lama ដែលជាមេដឹកនាំសាសនានៅតំបន់ទីបេតិ៍ ត្រូវតែកែតម្រូវឲ្យអស់ទស្សនៈនយោបាយរបស់ព្រះអង្គ ដែលនេះគឺជាលក្ខខណ្ឌសម្រាប់ឲ្យការទាក់ទងជាមួយរដ្ឋាភិបាលកណ្តាលចិន ចាប់ផ្តើមឡើងវិញ ។
លោក Lin Jianគឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន និយាយនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃព្រហស្បតិ៍នេះថា គោលជំហររបស់រដ្ឋាភិបាលចិន លើបញ្ហាពាក់ព័ន្ធនឹងតំបន់ទីបេតិ៍ នៅដដែល និងច្បាស់លាស់ ហើយកិច្ចការតំបន់ទីបេតិ៍ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ដែលពុំអនុញ្ញាតឲ្យមានការជ្រៀតជ្រែកពីកម្លាំងខាងក្រៅបាននោះឡើយ ។
កិច្ចប្រជុំផ្លូវការរវាងចិន និងសម្តេចសង្ឃ Dalai Lama ដែលបានយាងព្រះកាយទៅកាន់ប្រទេសឥណ្ឌា កាលពីឆ្នាំ ១៩៥៩ ក្រោយបដិវត្តន៍ទីបេតិ៍បរាជ័យ ប្រឆាំងនឹងការគ្រប់គ្រងរបស់ចិន និងក្រុមតំណាងរបស់ព្រះអង្គ បានជាប់គាំង ចាប់តាំងពីឆ្នាំ ២០១០រហូតមក ។
កាលពីឆ្នាំ ២០១១ សម្តេចសង្ឃ Dalai Lama បានលាលែងពីតំណែងមេដឹកនាំនយោបាយរដ្ឋាភិបាលនិរទេសទីបេតិ៍ ដែលទីក្រុងប៉េកាំងពុំទទួលស្គាល់ និងចាត់ទុកថាជាការបំពានលើរដ្ឋធម្មនុញ្ញចិន ។
ចិននៅតែខឹងសម្បាររាល់ទំនាក់ទំនងណាមួយដែលសម្តេចសង្ឃ Dalai Lama មានជាមួយក្រុមមន្រ្តីប្រទេសផ្សេងទៀត រួមទាំងជំនួបជាមួយក្រុមតំណាងរាស្រ្តសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បើទោះបីជាព្រះអង្គ មានសង្ឃដីកាថា ព្រះអង្គលែងស្វែងឯករាជ្យសម្រាប់តំបន់ទីបេតិ៍ទៀតហើយក៏ដោយ ៕