
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាល នឹងធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងពលករបរទេស ដើម្បីជួយដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មដែល បណ្តាលមកពីការថយចុះនៃចំនួនប្រជាជន និងមនុស្សមានវ័យចំណាស់។
លោក Han បានធ្វើការអត្ថាធិប្បាយក្នុងអំឡុងពេលកិច្ចប្រជុំរបស់រដ្ឋាភិបាលដែលធ្វើឡើង នៅទីក្រុង រដ្ឋបាលកណ្តាល Sejong ដោយនិយាយថា រដ្ឋាភិបាល បានចេញសៀវភៅណែនាំសម្រាប់ការគ្រប់គ្រងកម្លាំងពលកម្មទេសន្តរប្រវេសន៍ឲ្យកាន់តែប្រសើរឡើង តាមរយៈការប្រមូលមតិនៅក្នុងវិស័យនេះ និងជួបពិភាក្សាជាមួយក្រុមអ្នកជំនាញ។
លោក បានថ្លែងថា៖«យើងនឹងរួមបញ្ចូលគ្នានូវការទទួលខុសត្រូវលើការគ្រប់គ្រងកម្លាំងពលកម្មបរទេសដែលរហូតមកដល់ពេលនេះ ត្រូវបានបែងចែករវាងក្រសួង និងពង្រឹងការតភ្ជាប់ និងការកែសម្រួលគោលនយោបាយជនបរទេស» ដោយកត់សម្គាល់ឃើញថា បច្ចុប្បន្នមានពលករបរទេសប្រមាណ ៥៦០.000 នាក់ នៅក្នុងប្រទេស ជាមួយនឹងចំនួនរំពឹងថា នឹងកើនឡើងបន្ថែមទៀត។
លោក បានបញ្ជាក់ថា៖«យើងនឹងកែលម្អវិធីដែលយើងបានឆ្លើយតបទៅនឹងតម្រូវការរយៈពេលខ្លីតាមប្រភេទទិដ្ឋាការ ហើយរៀបចំគោលនយោបាយកម្លាំងពលកម្ម ដែលតម្រូវតាមអ្នកប្រើប្រាស់ ដោយផ្អែកលើការព្យាករណ៍ពីរយពេលមធ្យម ដល់រយៈពេលវែងនៃការផ្គត់ផ្គង់ និងតម្រូវការក្នុងវិស័យនីមួយៗ។
លោក Han បានស្នើដល់រដ្ឋាភិបាលឲ្យធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ដើម្បីបង្កើតប្រព័ន្ធគ្រប់គ្រងជាប្រព័ន្ធសម្រាប់ពលករទេសន្តរប្រវេសន៍ ដើម្បីឲ្យពលករបរទេសដែលឧស្សាហ៍ព្យាយាម អាចបន្តចូលទៅក្នុងកម្លាំងពលកម្មក្នុងស្រុក «ក្នុងដែនកំណត់នៃការមិនរំលោភលើការងាររបស់ប្រជាជនរបស់យើង»។