
មនុស្ស ៤នាក់ ក្នុងចំណោម ៥នាក់ ចង់ឲ្យប្រទេសរបស់ពួកគេពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការដោះស្រាយជាមួយនឹងបម្រែបម្រួលអាកាសធាតុ។ នេះបើយោងតាមការស្ទង់មតិជាសកលលើអ្នកចូលរួមចំនួន ៧៥.០០០នាក់ដែលត្រូវបានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ (ទី២០ ខែមិថុនា) នេះ។
ការសិក្សាស្រាវជ្រាវដោយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) សាកលវិទ្យាល័យ Oxford និងអង្គភាព GeoPoll បានដាក់សំណួរចំនួន ១៥ ដោយការហៅទូរស័ព្ទចម្រុះទៅកាន់មនុស្ស នៅក្នុងប្រទេសចំនួន ៧៧ ដែលតំណាងឲ្យ ៨៧ភាគរយនៃចំនួនប្រជាជនពិភពលោក។
ការរកឃើញដ៏សំខាន់នៃការស្ទង់មតិ ដែលឲ្យឈ្មោះថា «The Peoples' Climate Vote 2024» គឺថា អ្នកឆ្លើយតប ៨០ភាគរយ ចង់ឲ្យរដ្ឋាភិបាលរបស់ពួកគេបង្កើនកិច្ចប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការឡើងកម្ដៅផែនដី។ ហើយបើយោងតាមការស្រាវជ្រាវនេះ បានឲ្យដឹងថា ប្រទេសក្រីក្របានបង្ហាញការសាទរខ្លាំងជាងគេបំផុត ដោយមាន ៨៩ភាគរយផ្ដល់ការគាំទ្រ បើទោះបីជាការចង់បានបែបហ្នឹង ក៏មានកម្រិតខ្ពស់ផងដែរ នៅក្នុងក្រុមប្រទេសអ្នកមានចំនួន ២០ (៧៦ភាគរយ) ក៏ដោយ។
ប្រទេសចិន (៧៣ភាគរយ) និងសហរដ្ឋអាមេរិក (៦៦ភាគរយ) ដែលជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដ៏ធំបំផុតរបស់ពិភពលោក ក៏បានឃើញអ្នកឆ្លើយតបភាគច្រើនគាំទ្រវិធានការអាកាសធាតុនេះផងដែរ៕
នៅក្នុងការស្ទង់មតិនេះ ភាគច្រើននៃអ្នកឆ្លើយតបពីបណ្ដាប្រទេសចំនួន ៦២ ក្នុងចំណោមប្រទេសចំនួន ៧៧ បាននិយាយថា ពួកគេគាំទ្រការផ្លាស់ប្តូរចេញពីឥន្ធនៈហ្វូស៊ីលទៅប្រើប្រាស់ថាមពលស្អាត៕