ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ២០២៤ នេះ នាទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា បានរៀបចំខួបលើកទី២០ ទិវាពិភពលោក នៃការបរិច្ចាគឈាម ក្រោមប្រធានបទ “២០ឆ្នាំនៃការប្រារព្ធពិធីបរិច្ចាគឈាម៖ អរគុណសប្បុរសជនផ្តល់ឈាម!” ក្នុងឱកាសនេះដែរឃើញថាមានយុវជនជាច្រើន បានចូលរួមបរិច្ចាគឈាមដោយស័្មគ្រចិត្ត ប្រកបដោយស្នាមញញឹម ក្រោមអធិបតីភាពឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា។ ព័ត៌មានលំអិត
មានប្រសាសន៍សំណេះសំណាលក្នុងពិធី ឯកឧត្តម ពិត ចំណាន បានឱ្យដឹងថា ក្នុងនាមគណៈកម្មាធិការកណ្ដាល កាកបាទក្រហមកម្ពុជា សូមពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខដោយក្ដីស្រឡាញ់ និងនឹករលឹកបំផុតពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ជូនចំពោះបុគ្គលិក សាស្ដ្រាចារ្យ និស្សិត ក៏ដូចជាយុវជន កាកបាទក្រហមកម្ពុជាទាំងអស់ ដែលមកពីគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ក្នុងរាជធានីភ្នំពេញ ដែលបានស្ម័គ្រចិត្តចូលរួម បំពេញការងារមនុស្សធម៌ជាមួយ កាកបាទក្រហមកម្ពុជា ដោយស្ម័គ្រចិត្ត ចែករំលែកឈាម ចែករំលែកក្ដីស្រឡាញ់ ព្រមជាមួយនូវស្មារតី នៃវប្បធម៌ចែករំលែក ក្នុងគ្រឹះស្ថានសិក្សា និងសហគមន៍។
ជាមួយគ្នានេះលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានឱ្យដឹងដែរថា ការបញ្ចូលឈាមដើរតួនាទីយ៉ាងសំខាន់ ក្នុងការថែទាំសុខភាព ដោយផ្តល់អត្ថប្រយោជន៍ដល់អ្នកជំងឺដែលត្រូវការឈាម ដែលប្រឈមនឹងលក្ខខណ្ឌគំរាមកំហែងដល់អាយុជីវិត ដូចជាជំងឺស្លេកស្លាំងក្នុងកោសិកាជាដើម។ លោកវេជ្ជបណ្ឌិតបន្តថាការបញ្ចូលឈាម និងផលិតផលឈាម ជួយឱ្យអ្នកជំងឺមានអាយុវែង និងមានគុណភាពជីវិតកាន់តែប្រសើរ។ លើសពីនេះការបញ្ចូលឈាម ជួយដល់ដំណើរការវេជ្ជសាស្រ្ដ និងការវះកាត់ដ៏ស្មុគស្មាញ ដូច្នេះហើយទើបធ្វើឱ្យមិនអាចខ្វះការបរិច្ចាកឈាមបាន ក្នុងការថែទាំសុខភាព មាតា និងទារក ក៏ដូចជាក្នុងអំឡុងពេល គ្រោះមហន្តរាយធម្មជាតិ និងគ្រោះមន្តរាយដែលបង្ករឡើងដោយមនុស្ស។
ក្រុមយុវជន កាកបាទក្រហមកម្ពុជា ដែលបានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តបានឱ្យដឹងថា ពួកគាត់ពិតជាសប្បាយរីក រាយណាស់ ដែលបានចូលរួមចែករំលែកក្តីស្រឡាញ់ តាមមរយៈការផ្តល់ឈាមនេះ។ ដោយពួកគាត់អះអាងថា ឈាម៣៥០ មីលីលិត្ររបស់ពួកគាត់ អាចជួយអាយុជីវិតមនុស្សបានរហូតដល់៣នាក់ នេះជាការលើកឡើងរបស់ពួកគាត់។
លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរស និងយុវជន កាកបាទក្រហមកម្ពុជាទាំងអស់ ដែលបានចូលរួមបរិច្ចាគឈាម ក្នុងឱកាសខួបលើកទី២០ ទិវាពិភពលោក នៃការបរិច្ចាគឈាម ជួយសង្គ្រោះជីវិតមនុស្សឱ្យរួចផុតពីការស្លាប់។ លោកជំទាវសូមអំពាវនាវដល់ប្រជាជន និងយុវជន សូមចូលរួមក្នុងបេសកកម្មសង្គ្រោះជីវិត តាមរយៈការក្លាយជាម្ចាស់ជំនួយជាប្រចាំ និងជាអ្នករួមចំណែកដល់ការផ្គត់ផ្គង់ឈាម ដែលអាចទុកចិត្តបាន និងមានសុវត្ថិភាព។
សូមបញ្ជាក់នេះជាលើកទី១ហើយដែល កាកបាទក្រហមកម្ពុជា បានរៀបចំខួបលើកទី២០ ទិវាពិភពលោក នៃការបរិច្ចាគឈាម ដោយទទួលឈាមចំនួន ១២៤ប្លោក ក្នុងចំណោមអ្នកចូលរួមប្រមាណ៤០០នាក់៕ ដោយ ៖ សំ ងីម



















