
ក្រុមអាជ្ញាធរ បានរាយការណ៍ថា កងទ័ពជើងទឹកកូឡុំប៊ី ស្កាត់ចាប់ជាប់សារធាតុកូកាអ៊ីនទម្ងន់ ២,៣តោន អំឡុងប្រតិបត្តិការក្នុងសមុទ្រ ដោយមានការសម្របសម្រួលពីអន្តរជាតិ និងចាប់ខ្លួនជនសង្ស័យបាន ៤នាក់ ។
ក្រុមអាជ្ញាធរ បានចូលរួមតាមប្រម៉ាញ់នៅក្នុងដែនទឹកតំបន់ការ៉ាអ៊ីប ក្រោយប្រទះឃើញទូកមួយគ្រឿង ធ្វើដំណើរត្រឡប់មកកាន់អាមេរិកកណ្តាលវិញ ។ ដើម្បីគេចវេសពីការចាប់ខ្លួន ក្រុមជនសង្ស័យ នាំគ្នាគ្រវាត់ចោលកញ្ចប់កូកាអ៊ីនទម្ងន់ ១,៦តោន ចូលទៅក្នុងសមុទ្រ ។
ជនសង្ស័យ ៤នាក់ ត្រូវបានចាប់ខ្លួន ក្នុងនោះជនសង្ស័យ ៣នាក់ មកពីប្រទេសនីការ៉ាហ្គា និងម្នាក់ មកពីប្រទេសកូស្តា រីកា ។
នៅក្នុងប្រតិបត្តិការស្រដៀងគ្នា ដោយមានការសម្របសម្រួលជាមួយក្រុមអាជ្ញាធរប៉ាណាម៉ា សារធាតុកូកាអ៊ីនទម្ងន់ ៧០០ គ.ក ត្រូវបានស្រង់ចេញពីសមុទ្រ ក្រោយប្រដេញទូកល្បឿនលឿនមួយគ្រឿង ។
ក្រុមអាជ្ញាធរ និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា គ្រឿងញៀនដែលរឹបអូសបាននេះ មានតម្លៃជាង ៧៩លានដុល្លារ ៕