
ប្រទេសរុស្ស៊ី បានវាយប្រហារ និងបំផ្លាញរោងចក្រថាមពលអ៊ុយក្រែន នៅពេលយប់ ខណៈដែលកងកម្លាំងរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បន្តវាយប្រហារ ដើម្បីរំខានដល់ប្រព័ន្ធថាមពលរបស់ប្រទេសនេះ។
ក្រសួងថាមពល បាននិយាយនៅក្នុងសារបង្ហោះនៅលើបណ្តាញសង្គម Telegram នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា រុស្ស៊ី បានកំណត់គោលដៅទៅលើតំបន់ Dnipropetrovskភាគកណ្តាល និង Vinnytsia ក៏ដូចជាតំបន់គីវ និងផ្នែកមួយនៃតំបន់ដូណិតស្ក៍ Donetsk នៅភាគខាងកើត។ ក្រសួងនេះ មិនបានបញ្ជាក់ថាតើហេដ្ឋារចនាសម្ព័ន្ធ ត្រូវរងការប៉ះពាល់អ្វីខ្លះនោះទេ។
ក្រុមហ៊ុន DTEK ជាក្រុមហ៊ុនផលិតថាមពលដ៏ធំបំផុតរបស់ប្រទេសនេះ បាននិយាយថា កម្មករបីនាក់ បានរងរបួស នៅក្នុងវាយប្រហារនោះ ដែលបានធ្វើបានខូចខាតយ៉ាងធ្ងន់ធ្ងរដល់រោងចក្រថាមពលកម្តៅមួយរបស់ខ្លួន។ ក្រុមហ៊ុននេះ បាននិយាយនៅលើបណ្តាញ Telegram ថា នេះគឺជាការវាយប្រហារលើកទី៧ ប្រឆាំងនឹងរោងចក្រថាមពលរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានខែ កន្លងមកនេះ។
មេបញ្ជាការកងទ័ពអាកាស លោក Mykola Oleshchuk បានរាយការណ៍ថា ការបំផ្លិចបំផ្លាញ បានកើតឡើង ខណៈដែល អ៊ុយក្រែន បានបាញ់ទម្លាក់យាមដ្រូន Shahed ផ្ទុកជាតិផ្ទុះទាំង ២៧គ្រឿង និងមីស៊ីលចំនួន៥គ្រាប់ ក្នុងចំណោម ៩គ្រាប់ ដែលរុស្ស៊ីបានបាញ់បង្ហោះនៅពេលយប់។
ការការពារដែនអាកាសរបស់អ៊ុយក្រែន បានបរាជ័យក្នុងការស្ទាក់ចាប់មីស៊ីលបាលិស្ទិក Iskander-M ដែលបាញ់ចេញពីតំបន់ Voronezh របស់រុស្ស៊ី ដោយបានគូសបញ្ជាក់ពីភាពងាយរងគ្រោះរបស់ខ្លួនចំពោះប្រភេទអាវុធទាំងនេះ ដោយសារប្រព័ន្ធការពារដែនអាកាសទំនើបដែលផ្តល់ដោយសម្ព័ន្ធមិត្តខាងលិចរបស់ទីក្រុងគីវមានតិចតួចពេក មិនអាចការពារទឹកដីទាំងមូលរបស់ប្រទេសនេះបានទេ។